រដ្ឋមន្រ្តីក្រសួងរ៉ែ ៖ គិតមកទល់ឆ្នាំ២០២៥នេះ កម្ពុជាមានរោងចក្រផលិតស៊ីម៉ងត៍ចំនួន៦ បោះទុនវិនិយោគសរុបប្រមាណ ១,១១ពាន់លានដុល្លារអាមេរិក
កំពង់ស្ពឺ ៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា គិតមកទល់ឆ្នាំ២០២៥នេះ កម្ពុជាមានរោងចក្រផលិតស៊ីម៉ងត៍ចំនួន៦ បានបោះទុនវិនិយោគសរុបប្រមាណ ១,១១ពាន់លានដុល្លារអាមេរិក ព្រមទាំងផ្តល់ការងារជូនប្រជាពលរដ្ឋប្រមាណ ៣,០០០កន្លែង។
នាឱកាសអញ្ជើញចូលរួមពិធីសម្ពោធបើកឱ្យដំណើរជាផ្លូវការ «រោងចក្រផលិតស៊ីម៉ង់ត៍ របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក» ស្ថិតនៅខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី២០ ខែឧសភា ឆ្នាំ២០២៥ លោករដ្ឋមន្ដ្រី កែវ រតនៈ បានថ្លែងថា «ពាក់ព័ន្ធផលិតផលស៊ីម៉ងត៍នៅកម្ពុជា គិតមកទល់ឆ្នាំ២០២៥នេះ កម្ពុជាមានរោងចក្រចំនួន៦ ដែលបានបោះទុនវិនិយោគសរុបប្រមាណ ១,១១ពាន់លានដុល្លារអាមេរិក និងផ្តល់ការងារជូនប្រជាពលរដ្ឋសរុបប្រមាណ ៣,០០០កន្លែង»។
លោក រដ្ឋមន្ដ្រី បន្ដថា រោងចក្រទាំង៦ មានសមត្ថភាពផលិតស៊ីម៉ងត៍បានប្រមាណ ១១លានតោនក្នុងមួយឆ្នាំ ដែលបានប្រែក្លាយកម្ពុជាពីប្រទេសនាំចូលស៊ីម៉ងត៍ ១០០ភាគរយពីបរទេស ទៅជាប្រទេសមានលទ្ធភាពផ្គត់ផ្គង់តម្រូវការទាំងស្រុងដោយខ្លួនឯង ហើយក៏បានចាប់ផ្តើមនាំចេញទៅប្រទេសថៃក្នុងបរិមាណប្រមាណជាង ៣០,០០០តោនក្នុងឆ្នាំ២០២៤ ថែមទៀតផង។
លោក រដ្ឋមន្ដ្រី បានឱ្យដឹងទៀតថា បន្ថែមពីគម្រោងទាំង៦នេះទៅ មានក្រុមហ៊ុនចំនួន ៣ផ្សេងទៀត កំពុងស្ថិតក្នុងដំណាក់កាលសាងសង់រោងចក្រ និងអភិវឌ្ឍការដ្ឋាន។
សូមរំលឹកថា ស៊ីម៉ងតិ៍ ជាតម្រូវការចាំបាច់បម្រើដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងសំណង់លំនៅឋាននានា ដែលកំពុងមានតម្រូវការខ្ពស់នៅកម្ពុជានាពេលបច្ចុប្បន្នក្នុងរង្វង់ជាង ១០លានតោន។ ដូច្នេះការវិនិយោគបង្កើតរោងចក្រផលិតស៊ីម៉ងតិ៍ គឺដំណើរដ៏ល្អសម្រាប់សេដ្ឋកិច្ចកម្ពុជា ដើម្បីបំពេញការប្រើប្រាស់ ដែលកម្ពុជាតែងនាំចូលពីប្រទេសនានា៕