រាជរដ្ឋាភិបាល សម្រេចបន្តហាមឃាត់ការនាំចូល ថ្លើម ភាគបំណែកសាច់ និងគ្រឿងក្នុងជ្រូកបង្កក រយៈពេល ៦ខែថែមទៀត
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តហាមឃាត់ការនាំចូល ថ្លើម ភាគបំណែកសាច់ និងគ្រឿងក្នុងជ្រូកបង្កក រយៈពេល ៦ខែថែមទៀត ដែលមានសុពលភាព ចាប់ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។
តាមរយៈសេចក្ដីជូនដំណឹងរបស់ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១១ កញ្ញា បានឱ្យដឹងថា ក្រោយការអនុវត្តវិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ននូវគ្រឿងក្នុង និងបំណែកសាច់បង្កក តាមរយៈសេចក្តីប្រកាសជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពី វិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ននូវគ្រឿងក្នុង និងបំណែកសាច់បង្កក ចុះថ្ងៃទី១២ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ ក្រសួង បានពិនិត្យឃើញថា ផលិតកម្មសត្វចញ្ចឹមនៅកម្ពុជាត្រូវបានសង្គ្រោះពីផលប៉ះពាល់ ដែលបណ្តាលមកពីការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កកដែលមិនប្រើប្រាស់ជាចំណីអាហារនៅប្រទេស នាំចេញ។
ដោយឡែក ការនាំចូលថ្លើមនៃសត្វជ្រូកបង្កក និងភាគបំណែកសាច់និងគ្រឿងក្នុង (Offal) ផ្សេងទៀត ក្រៅពីផ្តើមនៃសត្វជ្រូកដែលអាចបរិភោគបាន នៅតែបណ្តាលឱ្យផលិតកម្មជ្រូកនៅកម្ពុជាបន្តរងការគម្រាមកំហែង និងអាចឈានទៅដល់ការខូចខាតទាំងស្រុង។
ក្នុងន័យនេះ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ទៅសាធារណជន និងក្រុមហ៊ុននាំចេញ-នាំចូល ថា «រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តអនុវត្ត វិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្នរយៈពេល ០៦ ខែបន្ថែមទៀត ដែលមានសុពលភាព ចាប់ពី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ លើមុខទំនិញដែលមានលេខប្រព័ន្ធសុខដុម នីយកម្ម និងនាមវលីគយ»៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ