អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ណែនាំពលរដ្ឋប្រុងប្រយ័ត្ន អាពាហ៍ពិពាហ៍អនឡាញក្លែងក្លាយលើប្រព័ន្ធអ៊ីនធឺណិត ( Online Grooming )
ភ្នំពេញ ៖ អាពាហ៍ពិពាហ៍អនឡាញ ឬ Online Grooming គឺជាអំពើឆបោកបញ្ឆោតមនោសញ្ចេតនាស្នេហា លួងលោមជនរងគ្រោះនៅលើបណ្តាញអ៊ីនធឺណិត ដែលច្រើនកើតមានឡើងលើកុមារ ក្មេងជំទង់ និងករណីខ្លះបានកើតឡើងចំពោះមនុស្សវ័យចំណាស់ផងដែរ ដើម្បីកេងចំណេញបោកប្រាស់ហិរញ្ញវត្ថុពីជនរងគ្រោះ និងអាចឈានដល់ការចាប់ជម្រិត មនុស្សឃាត ជួញដូរគ្រឿងញៀន ចាប់រំលោភ ថតរូបភាព វីដេអូអាសអាភាសជាដើម។
ក្រុមជនខិលខូចប្រើវិធីសាស្រ្តឆបោក Online Grooming នៅលើបណ្តាញសង្គមដូចជា Facebook Tiktok Telegram Instagram និងកម្មវិធីហ្គេមអនឡាញមួយចំនួនផងដែរ ។
ខាងក្រោមនេះជាដំណាក់កាលសំខាន់ៗរបស់ក្រុមជនខិលខូចរៀបគម្រោងឆបោកជនរងគ្រោះ រួមមាន ៖
១. បង្កើតភាពទុកចិត្ត៖ ជនខិលខូចកសាងទំនាក់ទំនងជាមួយជនរងគ្រោះម្តងបន្តិចៗរហូតក្លាយជាមិត្តភក្តិយល់ចិត្តគ្នាតាមរយៈអនឡាញ
២. រក្សាការសម្ងាត់ និងឧបាយកល៖ ជនខិលខូចព្យាយាមគ្រប់គ្រងការទំនាក់ទំនងល្អជាមួយជនរងគ្រោះដោយទាញយកទំនុកចិត្ត និងភាពជឿជាក់ដោយរក្សាការសម្ងាត់ពីឪពុកម្តាយ ឬអាណាព្យាបាលរបស់ជនរងគ្រោះ
៣. គោលដៅការកេងប្រវ័ញ្ច ៖ ជនខិលខូចរៀបចំគម្រោងកេងប្រវ័ញ្ចលើជនរងគ្រោះ ឬអនីតិជនបង្ខិតបង្ខំឱ្យផ្ញើរូបថត ឬវីដេអូតាមរយៈអនឡាញ ឬធ្វើការជួបដោយផ្ទាល់កេងប្រវ័ញ្ចផ្លូវភេទជាដើម
៤. ការគំរាមកំហែង៖ គោលដៅចុងក្រោយរបស់ជនខិលខូចស្វែងរកចំនុចខ្សោយរបស់ជនរងគ្រោះ បន្ទាប់ពីបានលួងលោមយករូបភាពឬវីដេអូអាក្រាតក្នុងគោលបំណងគំរាមកំហែងយកប្រាក់ជាដើម។
ក្រុមការងារបច្ចេកទេសនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំសូមក្រើនរំលឹកដល់ឪពុកម្តាយបង្កើនការប្រុងប្រយ័ត្នចំពោះកូនលើការប្រើប្រាស់បណ្តាញសង្គម ១. ឈ្វេងយល់អំពីមនុស្សដែលកូនៗលោកអ្នកកំពុងទាក់ទង ,២.សង្កេតមើលអំពីសម្ភារដែលកូនៗលោកអ្នកប្រើប្រាស់ជាប្រចាំថ្ងៃ ,៣. ជៀសវាងការចែករំលែកព័ត៌មានផ្ទាល់ខ្លួន រូបភាព វីដេអូជាមួយអ្នកដទៃតាមបណ្តាញសង្គមជាដើម ។ ករណីកូនៗលោកអ្នកធ្លាក់ចូលទំនាក់ទំនងស្នេហាក្លែងក្លាយលើបណ្តាញសង្គម ឬOnline Grooming សូមទាក់ទងមកកាន់សមត្ថកិច្ចជំនាញដើម្បីស្វែងដំណោះស្រាយ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ