សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ មិនត្រូវអនុញ្ញាតឱ្យមានការទន្ទ្រានយកដីខុសច្បាប់ ដើម្បីថែរក្សារមណីយដ្ឋានប្រាសាទកោះកេរ
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់សាជាថ្មីដល់គ្រប់ភាគីពាក់ព័ន្ធ ដោយមិនត្រូវអនុញ្ញាត ឱ្យមានការទន្ទ្រានយកដីខុសច្បាប់ ការកាប់បំផ្លាញព្រៃឈើ ការបរបាញ់សត្វព្រៃ ការរុករក និងការជីកកកាយដោយខុសច្បាប់ ដើម្បីលើកតម្លៃ និងថែរក្សារមណីយដ្ឋានប្រាសាទកោះកេរ។
តាមរយៈសារលិខិតអបអរ ក្នុងឱកាសខួប១ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជី បេតិកភណ្ឌពិភពលោក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានធ្វើការកោតសរសើរដោយស្មោះ និងមូលវិចារដ៏ថ្លៃថ្លា ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរជាតិព្រះវិហារ អ្នកជំនាញជាតិ និងអន្តរជាតិ បានខិតខំព្យាយាមលះបង់ទាំងកម្លាំងកាយ ប្រាជ្ញានិងស្មារតី ប្រកបដោយភាពប៉ិនប្រសប់និងវិជ្ជាជីវៈខ្ពស់ ពុះពារ ជម្នះ គ្រប់ការលំបាករហូតសម្រេចបាននូវសមិទ្ធផលដ៏ធំធេងនេះ។
សម្ដេចធិបតី ក៏បានថ្លែងអំណរគុណជាពិសេសផងដែរ ចំពោះមិត្តភក្តិអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជានិងឥស្សរជន ទាំងឡាយ ដែលបានទទួលស្គាល់នូវតម្លៃដ៏មហស្ចារ្យជាសកលនៃ «រមណីយដ្ឋានប្រាសាទកោះកេរ» ដែលជាអតីត រាជធានីខ្មែរក្នុងសម័យអង្គរដ៏រុងរឿង កសាងដោយព្រះបាទជ័យវរ្ម័នទី៤។ រមណីយដ្ឋាននេះ បានបន្សល់ទុកនូវប្រាង្គ ប្រាសាទ រូបបដិមា សិលាចារឹក ចំណេះដឹងផ្នែករៀបចំក្រុងនិងប្រព័ន្ធធារាសាស្ត្របុរាណ ដែលចាំបាច់ត្រូវការពារ អភិរក្ស សិក្សាស្រាវជ្រាវ និងលើកតម្លៃឡើងវិញ។
ជាមួយនឹងការអបអរសាទរនេះ សម្ដេចធិបតី ស្នើដល់សហប្រធានចិន និងឥណ្ឌា នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិដើម្បីការពារនិងលើកតម្លៃរមណីយដ្ឋានវប្បធម៌ធម្មជាតិ នៃប្រាសាទព្រះវិហារ (ICC-Preah Vihear) ព្រមទាំងប្រទេសជាសមាជិកទាំងអស់ ពង្រីកសកម្មភាពរបស់ខ្លួន បន្ថែមទៀត ដើម្បីជួយអភិរក្សនិងលើកតម្លៃរមណីយដ្ឋានប្រាសាទកោះកេរ ដែលជាសម្បត្តិរបស់មនុស្សជាតិ ទាំងមូល ដោយផ្អែកលើគំរូនៃកិច្ចសហការដ៏សកម្មដែលមានស្រាប់ជាមួយរាជរដ្ឋាភិបាលកម្ពុជា។
សម្ដេច នាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «ខ្ញុំសូមគូសបញ្ជាក់សាជាថ្មីអំពីសារៈសំខាន់នៃការចូលរួមរបស់គ្រប់ស្ថាប័នព័ន្ធ ទាំងអស់ ជាពិសេសអាជ្ញាធរខេត្តព្រះវិហារ និងអាជ្ញាធរជាតិព្រះវិហារ ត្រូវបំពេញបេសកកម្មការងារគ្រប់គ្រង និងអភិរក្សរបស់ខ្លួនឱ្យបានហ្មត់ចត់ ស្របតាមគោលការណ៍ប្រតិបត្តិរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដោយមិនត្រូវអនុញ្ញាតឱ្យមានការទន្ទ្រានយកដីខុសច្បាប់ ការកាប់បំផ្លាញព្រៃឈើ ការបរបាញ់សត្វព្រៃ ការរុករក និងការជីកកកាយដោយខុសច្បាប់ ដើម្បីលើកតម្លៃនិងថែរក្សារមណីយដ្ឋានប្រាសាទកោះកេររបស់យើង សម្រាប់ ជាប្រយោជន៍ដល់ការអភិវឌ្ឍនិងលើកកម្ពស់ជីវភាពប្រជាជននៅក្នុងមូលដ្ឋាន»៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ