ប្រធានាធិបតីកូរ៉េខាងត្បូង បញ្ជាក់ជូន សម្តេចតេជោ ហ៊ុន សែន ថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ភ្ជាប់ពីភ្នំពេញទៅអរិយក្សត្រ ដែលជាស្ពានធំ និងវែងបំផុតនៅកម្ពុជា នឹងត្រូវបើកការដ្ឋានសាងសង់ នៅឆ្នាំ២០២៥
ភ្នំពេញ ៖ ក្នុងឱកាសជួបពិភាក្សាការងារជាមួយលោក Yoon Suk-Yeol ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ នៅវិមានប្រធានាធិបតី នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងទៅកាន់លោកប្រធានាធិបតីកូរ៉េថា សម្ដេចរង់ចាំនូវវត្តមាននៃការបើកការដ្ឋានសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលជាស្ពានដ៏ធំបំផុត និងវែងបំផុតនៅកម្ពុជា។
ឆ្លើយតបនឹងការរង់ចាំរបស់សម្តេចតេជោ, លោកប្រធានាធិបតីកូរ៉េខាងត្បូង បានបញ្ជាក់ជូនសម្តេចតេជោវិញថា ពិធីបើកការដ្ឋានសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងប្រព្រឹត្តទៅនៅឆ្នាំ ២០២៥ ខាងមុខនេះ។
លោកប្រធានាធិបតីបានបញ្ជាក់បន្ថែមថា ស្ពាននេះនឹងត្រូវសាងសង់ប្រកបដោយការយកចិត្តទុកដាក់ និងគុណភាព និងជានិមិត្តរូបភាពជាដៃគូវាងប្រទេសយើងទាំងពីរ។
ក្នុងឱកាសនោះដែរ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណចំពោះជំនួយឧបត្ថម្ភគ្រប់សព្វបែបយ៉ាង ទាំងផ្នែកសេដ្ឋកិច្ច ជំនួយសំណង ឥណទានក្នុងការជួយកសាងប្រទេស និងអភិវឌ្ឍន៍កម្ពុជាឡើងវិញ ហើយនៅក្នុងនេះដែរ សាធារណរដ្ឋកូរ៉េ ក៏បានជួយកសាងជួសជុលផ្លូវជាតិផ្លូវជាតិ៣ លេខ៤៨ ផ្លូវជាតិលេខ២១ និងផ្លូវជាតិលេខផ្សេងទៀត។ល។
ជាមួយគ្នានេះដែរ សម្ដេចតេជោក៏បានថ្លែងនូវអំណរគុណ ចំពោះជំនួយដល់វិស័យផ្សេងៗទៀត ដូចជាវិស័យបរិស្ថាន ការបណ្ដុះបណ្ដាលធនធានមនុស្ស ដែលជួយដល់កម្ពុជាក្នុងការអភិវឌ្ឍ។
សូមជម្រាបថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សាររាត្រី-ជ្រោយចង្វារ, ជ្រោយចង្វារ-អរិយក្សត្រ) គ្រោងនឹងប្រើប្រាស់ឥណទានជាង ២៤៥លានដុល្លារ វិសាលភាពរបស់គម្រោង គឺសាងសង់ស្ពានចំនួន២ នៅទីតាំង «ផ្សាររាត្រី - ជ្រោយចង្វារ និង ជ្រោយចង្វារ- អរិយក្សត្រ» ជាស្ពានប្រភេទខ្សែកាបយោងខ្ពស់ (Cable-Stayed Bridge) សាងសង់ជា៤គន្លង (4 Lanes) ប្រភេទ A/C, ទទឹងស្ពានមានប្រវែងសរុប ២៧.៥ម៉ែត្រ និងទទឹងផ្លូវប្រវែង ២២.៥ម៉ែត្រ ដែលមានមេដ្យាន៣ម៉ែត្រ និងចិញ្ចើមផ្លូវ ៣ម៉ែត្រ, ល្បឿនអតិបរមា ៨០ គ.ម/ម៉ោង៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ