ពោធិ៍សាត់ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពជា បានហៅក្រុមអ្នកវិភាគមួយចំនួននៅខាងក្រៅប្រទេសថា ជា«អ្នកវិភាគជើង១០ ភ្នែក៣» និងបានហៅលោក សម រង្ស៊ី ថា«ទណ្ឌិតជើង១០ ភ្នែក៥»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានហៅពួកគេបែបនេះនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលសំខាន់ៗក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។

សម្តេចធិបតី នាយករដ្ឋមន្រ្តី បានអះអាងថា «អ្នកវិភាគជើង១០ ភ្នែក៣» គឺជាអ្នកវិភាគដែលចេះគ្រប់សព្វដឹងគ្រប់រឿង។ បើតាមសម្តេចនាយករដ្ឋមន្រ្តី ពាក្យថា«ជើង១០»នេះ គឺជាសំដៅលើការអង្គុយលើកៅអីជើង៤ តុជើង៤ គូបផ្សំនឹងជើងខ្លួនឯង២ទៀត មានន័យថា ពួកគេនៅក្នុងតែបន្ទប់ទេ តែដឹងគ្រប់រឿង ចេះគ្រប់រឿង គ្មានអ្នកណាអាចប្រៀបផ្ទឹមបាន។ ចំណែក «ភ្នែក៣» សម្តេចធិបតី ចង់សំដៅថា អ្នកវិភាគទាំងនោះ មានភ្នែក២ ហើយភ្នែក១ទៀត គឺកាមេរ៉ា មានន័យថា ពួកគេអង្គុយតែរិះគន់រឿងផ្សេងៗនៅតែមុខកាមេរ៉ាហើយបង្ហោះតាមបណ្តាញសង្គម ធ្វើដូចខ្លួនឯងគិតគូដល់ប្រទេសជាតិ និងប្រជាជនណាស់អ៉ីចឹង តែធាតុពិត គឺរិះគន់ ដើម្បីតែកេងចំណេញនយោបាយតែប៉ុណ្ណោះ។

បើទោះបីសម្តេចធិបតី នាយករដ្ឋមន្រ្តី មិនបានបញ្ចេញឱ្យចំឈ្មោះលើអ្នកវិភាគរូបណាក៏ដោយ ក៏គេដឹងបានដែរថា សម្តេចធិបតី ទំនងជាចង់សំដៅលើទៅអ្នកវិភាគរត់ចោលស្រុក លោក គីម សុខ លោក សេង សារី លោក ស៊ន ដារ៉ា និងលោក ជេមស៍ សុខ នៅអាមេរិកជាដើម។ ពួកគេទាំងនេះ គឺជាអ្នកវិភាគដែលមហាជនចាត់ទុកថា ចេះគ្រប់រឿង វិភាគបានគ្រប់រឿង ហើយពួកគេព្យាយាមវិភាគ ដើម្បីតែវាយប្រហារមកលើរាជរដ្ឋាភិបាល មកលើគណបក្សប្រជាជនកម្ពុជា ក្នុងគោលបំណងបានចំណេញផ្នែកនយោបាយផង និងចង់បានការឆ្លើយតបពីសម្តេចធិបតី នាយករដ្ឋមន្រ្តីផង ដើម្បីបានឡើងតម្លៃខ្លួនក្នុងចំណោមមហាជន។

ដោយឡែក ចំពោះលោក សម រង្ស៊ីវិញ សម្តេចធិបតី អះអាងថា លែងគោរពទៀតហើយ ព្រោះទណ្ឌិតរូបនេះ និយាយកុហកបោកប្រាស់ប្រជាពលរដ្ឋ និយាយវាយប្រហារមកលើរាជរដ្ឋាភិបាលទាំងទទឹងទិស ហើយជាថ្មីទៀតបានញុះញង់ឱ្យប្រជាពលរដ្ឋ និងកងទ័ពផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ សម្តេចធិបតី បានហៅទណ្ឌិត សម រង្ស៊ីន នេះថា ជា«ទណ្ឌិតជើង១០ ភ្នែក៥»។

សម្តេចធិបតី នាយករដ្ឋមន្រ្តីហៅបែបនេះ ព្រោះថា ទណ្ឌិត សម រង្ស៊ី ខ្លាំងជាង«អ្នកវិភាគជើង១០ ភ្នែក៣»ទៀត គឺដឹងគ្រប់រឿង ហើយតែងតែញុះញង់ប្រជាពលរដ្ឋឱ្យធ្វើសកម្មភាពខុសច្បាប់។ សម្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រជាពលរដ្ឋមិនជឿទៅតាមការប្រឌិតព័ត៌មានក្លែងក្លាយ និងញុះញង់របស់ទណ្ឌិត សម រង្ស៊ី ឡើយ ព្រោះពលរដ្ឋកំពុងរស់នៅដោយសុខសន្តិភាព និងជីវភាពល្អប្រសើរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ