ភ្នំពេញ ៖ នាយករដ្ឋមន្ដ្រីសិង្ហបុរី លោក Lawrence Wong បានបញ្ជាក់ប្រាប់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដោយបង្ហាញពីជំហរថា លោក សង្ឃឹមថា កម្ពុជា-ថៃ នឹងដោះស្រាយបញ្ហាដោយសន្ដិវិធី ដោយឈរលើគោលការច្បាប់អន្តរជាតិ។

ការលើកឡើងយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោអនុញ្ញាតឲ្យ លោក Lawrence Wong នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសិង្ហបុរី ដែលបំពេញទស្សនកិច្ចនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥។

ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក ជា រិទ្ធី អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹង ក្នុងជំនួបជាមួយ នាយករដ្ឋមន្ត្រីសិង្ហបុរី សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់អំពី ស្ថានភាពចុងក្រោយ អំពីបញ្ហាព្រំដែនកម្ពុជា និងថៃ និងគូសបញ្ជាក់ពីចំណុចចាប់ផ្ដើមនោះគឺ កាលពីថ្ងៃទី២៨ ខែឧសភា ទាហានថៃបានឆ្លងដែនមកបាញ់សម្លាប់យុទ្ធជនកម្ពុជាម្នាក់ បន្ទាប់មកថៃបន្តបិទព្រំដែនដោយឯកតោភាគី។ ដូច្នេះកម្ពុជាបានទទួលរងនូវការប្រមាថជាបន្តបន្ទាប់តាមរយៈ ការបិទអគ្គីសនី បិទអ៊ិនធើណិត និងប្រមាថមកលើពលករកម្ពុជា ជាពិសេសព្រមាននូវការមិនលក់ប្រេងមកកម្ពុជាជាដើម ចំណុចដែលសំខាន់នោះគឺ ការប្រមាថទៅកាន់សម្ដេចតេជោ ហ៊ុន សែន ដែលជាតួរអង្គសំខាន់ធ្វើឲ្យកម្ពុជាមិនអាចទទួលយកបានចំពោះទង្វើរបស់ថៃ។

សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការសោកស្ដាយចំពោះបញ្ហានេះ ដែលសម្ដេចតេជោ ពិតជាមិនចង់ឲ្យកើតមានឡើងនោះទេ ជាពិសេសការកើតឡើងនៅក្នុងតំបន់អាស៊ាន។ ក្នុងន័យនេះ សម្ដេចតេជោ ចង់ឃើញនូវការរួមសាមគ្គីគ្នា នៅក្នុងបណ្ដារប្រទេសអាស៊ានដែលមិនចង់ឲ្យមេដឹកនាំអាស៊ានឈឺក្បាលចំពោះបញ្ហានេះទេ។ យ៉ាងណាក្ដី សម្ដេចតេជោ បានបញ្ជាក់បន្ថែមថា ជំហររបស់កម្ពុជាគឺការដោះស្រាយបញ្ហាតាមសន្តិវិធី និងឈរលើច្បាប់អន្តរជាតិ។ ជុំវិញបញ្ហានេះ សម្ដេចតេជោ ចង់ឲ្យមានការជំរុញញការដោះស្រាយបញ្ហាទៅតាម តុលារយុត្តិធម៌អន្តរជាតិ (ICJ)។

ជាការឆ្លើយតប នាយករដ្ឋមន្ត្រីសិង្ហបុរី បានលើកឡើងដោយអរគុណចំពោះសម្ដេចតេជោ បានពន្យល់យ៉ាងពឹស្ដារអំពីបញ្ហាបច្ចុប្បន្នភាពរវាងកម្ពុជា និងថៃ។

ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីសិង្ហបុរី បានយល់ស្របក្នុងការដោះស្រាយបញ្ហានេះដោយសន្តិវិធី និងតាមយន្តការនៃច្បាប់អន្តរជាតិ ហើយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong សង្ឃឹមថា សន្តិភាពនឹងកើតមាននៅតំបន់អាស៊ាន ហើយភាគីទាំងពីរនឹងព្យាយាមអត់ធ្មត់ក្នុងការដោះស្រាយបញ្ហា ដោយឈរលើច្បាប់អន្តរជាតិ និងយន្តការសន្តិភាពទ្វេរភាគី៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ