ភ្នំពេញ ៖ ពិធីផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ស្ដីពីការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្សរយៈពេល៥ឆ្នាំ(២០២៦-២០៣០) របស់ក្រសួងមហាផ្ទៃ ត្រូវបានប្រារព្ធធ្វើឡើង នារសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ពីធីនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំអង្គភាពចំណុះក្រសួង ថ្នាក់ដឹកនាំរដ្ឋបាលរាជធានី ខេត្ត និងមន្ត្រីជំនាញសរុបចំនួន ៦១៣រូប។

បើតាម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស នៃក្រសួងមហាផ្ទៃ ចក្ខុវិស័យនៃផែនការយុទ្ធសាស្ត្រនេះ គឺជំរុញឱ្យក្រសួងមហាផ្ទៃមានធនធានមនុស្សកាន់តែប្រសើរ ដែលមានគុណវុឌ្ឍិ សមត្ថភាព ក្រមសីលធម៌វិជ្ជាជីវៈ ឆន្ទៈមោះមុត និងមនសិការការងារ ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ និងបំពេញបេសកកម្មស្នូលរបស់ខ្លួនក្នុងការគ្រប់គ្រងរដ្ឋបាលដែនដី រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គមឱ្យ សម្រេចបានជោគជ័យប្រកបដោយនិរន្តរភាពនិងចីរភាព ព្រមទាំងផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាលជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ មានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព តម្លាភាព បរិយាបន្ន និងសមធម៌។

ថ្លែងក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ផែនការយុទ្ធសាស្ត្រ ស្តីពីការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស រយៈពេល ៥ឆ្នាំនេះ រៀបចំឡើងដើម្បីឆ្លើយតបទៅនឹងមុំទី២ នៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណិត្តទី៧ នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រនៃកម្ពុជា គឺធ្វើយ៉ាងណាកសាងធនធានមនុស្ស ប្រកបដោយសមត្ថភាព ជំនាញ ឆន្ទៈ ម្ចាស់ការ និងក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមតួនាទី និងការទទួលខុសត្រូវ។

ប្រមុខក្រសួងមហាផ្ទៃ បានចាត់ទុកផែនការនេះ ជាសមិទ្ធផលថ្មីបន្ថែមទៀតរបស់ក្រសួង ដែលជាផែនទីបង្ហាញផ្លូវ និងជាត្រីវិស័យតម្រង់ទិស សម្រាប់អង្គភាពចំណុះក្រសួងមហាផ្ទៃ ក៏ដូចជាអង្គភាពពាក់ព័ន្ធនានា យកទៅអនុវត្ត ដើម្បីឱ្យអង្គភាពនីមួយៗ មានធនធានមនុស្សសមស្របទៅតាមតម្រូវការជាក់ស្តែងក្នុងការបំពេញភារកិច្ចស្នូលរបស់ខ្លួន។ លោកឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យអង្គភាពចំណុះក្រសួងមហាផ្ទៃ ត្រូវអនុវត្តតាមផែនការយុទ្ធសាស្ត្រនេះ ប្រកបដោយប្រសិទ្ធភាព និងគត់មត់ជាទីបំផុត។ 

ផែនការយុទ្ធសាស្ត្រស្ដីពីការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្សរយៈពេល៥ឆ្នាំ(២០២៦-២០៣០) របស់ក្រសួងមហាផ្ទៃ មាន ១០ចំណុចសំខាន់ៗរួមមាន ១.សេចក្ដីផ្ដើម ២.ចក្ខុវិស័យ ៣.គោលបំណង ៤.គោលដៅ ៥.យុទ្ធសាស្ត្រ ៦.ការគ្រប់គ្រងការអនុវត្ត ៧.គម្រោងថវិកា ៨.ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ៩.សេចក្ដីសន្និដ្ឋាន និង១០.ឧបសម្ព័ន្ធតារាងសូចនាកររួម៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ