ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែក ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឆែក-កម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត
នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥, នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី ម៉ាកេតា កូល ហៃកូវ៉ា (Markéta Kolc Hájková) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឆែកប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
ក្នុងឱកាសនៃជំនួប, លោកស្រី ឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការល្អរវាងសាធារណរដ្ឋឆែក និងព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ លោកស្រី បានគោរពជម្រាបជូនសម្ដេចបវរធិបតីថា ឆ្នាំ២០២៦ គឺជាខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលលោកជំទាវនឹងពិនិត្យលើកសំណើ ដើម្បីរៀបចំប្រារព្ធខួបនេះឱ្យបានល្អប្រសើរ។ លោកស្រី ក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការខិតខំជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឆែក-កម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ជាការឆ្លើយតប, សម្ដេចបវរធិបតី មានជំនឿជឿជាក់ថា នៅក្នុងអាណត្តិការទូតរបស់លោកស្រី ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ឆែក នឹងកាន់តែរីកចម្រើនថែមទៀត។
សម្ដេចបវរធិបតី និងលោកស្រី ឯកអគ្គរដ្ឋទូត បានពិភាក្សាលើការបន្តជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសំខាន់ៗ មានជាអាទិ៍៖ អប់រំ, សុខាភិបាល, សន្តិសុខ និងការពារជាតិ, កសិកម្ម, ទេសចរណ៍, ហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យា។ បន្ថែមលើនេះ, សម្តេចបវរធិបតី និងលោកស្រី បានឯកភាពក្នុងការលើកកម្ពស់ឱ្យមានការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ ដើម្បីបង្កើនកាលានុវត្តភាពបន្ថែមទៀតក្នុងការជំរុញដល់ការវិនិយោគ៕


