ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ស្តីពីការពិនិត្យវឌ្ឍនភាពការងារ នៃការអនុវត្តផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថល ឆ្នាំ២០២៣-២០២៧ របស់ក្រសួងមហាផ្ទៃ
ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាពការងារនៃការអនុវត្ត ផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថល ឆ្នាំ២០២៣ -២០២៧ របស់ក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន/ស្ថានីយ អនុប្រធាននាយកដ្ឋាន/ស្ថានីយ នាយការិយាល័យ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ជាច្រើនរូបទៀត ដែលពិធីនេះរៀបចំធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ។
នាឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត បានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំនិងមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្នុងការធ្វើបច្ចុប្បន្នភាពធៀបនឹងផែនការយុទ្ធសាស្រ្តបច្ចេកវិទ្យាឌីជីថល ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ បានល្អជាច្រើននាពេលកន្លងមក។
ឯកឧត្តម អគ្គនាយក ក៏បានជំរុញឱ្យថ្នាក់ដឹកនាំព្រមទាំងមន្រ្តីជំនាញ ត្រូវតែពន្លឿននូវការធ្វើបច្ចុប្បន្នភាពធៀបនឹងផែនការយុទ្ធសាស្រ្តបច្ចេកវិទ្យាឌីជីថល ទៅតាមអគ្គនាយកដ្ឋាន ដែលពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើបទបង្ហាញ និងប្រមូលធាតុចូលពាក់ពន្ធ័ ការធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្រ្ត បច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ ធ្វើយ៉ាងណាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត និងឆាប់រហ័ស ស្របតាមផែនការរបស់ក្រសួងមហាផ្ទៃ ដែលបានដាក់ចេញ ដើម្បីធានាបាននូវប្រសិទ្ធភាពការងារ ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ។
ជាមួយគ្នានោះដែរ ឯកឧត្តម អគ្គនាយក ក៏បានស្នើឱ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ត្រូវចូលរួមកិច្ចសហការ ពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងឱ្យកាន់តែល្អប្រសើរបន្ថែមទៀតផងដែរ៕




