ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ចង់ឃើញការប្ដេជ្ញាចិត្តលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ថា «មានគ្រឿងញៀនអត់អភិបាលស្រុក មានអភិបាលស្រុកអត់គ្រឿងញៀន» ដើម្បីបង្ហាញពីឆន្ទៈខ្ពស់ របស់មន្ដ្រី
ភ្នំពេញ ៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចង់ឃើញការប្ដេជ្ញាចិត្តលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយប្រើពាក្យថា «មានគ្រឿងញៀនអត់អភិបាលស្រុក មានអភិបាលស្រុកអត់គ្រឿងញៀន» ដើម្បីបង្ហាញពីឆន្ទៈខ្ពស់របស់មន្ដ្រីលើការងារនេះ។
ក្នុងឱកាសអញ្ជើញជាអធិបតីភាព តំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានលើកឡើងថា កន្លងទៅលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ថា «មានសំរាមអត់អភិបាលស្រុក មានអភិបាលស្រុកអត់សំរាម» ប៉ុន្ដែលោកចង់ប្ដូរឲ្យមកប្ដេជ្ញាចិត្តលើបញ្ហាគ្រឿងញៀន។
ក្នុងន័យនេះ លោកសន្ដិបណ្ឌិត នេត សាវឿន បានសង្កត់ធ្ងន់ថា អភិបាលរាជធានី-ខេត្ត គឺជាគណៈបញ្ជាការដ៏រឹងមាំមួយ ដែលនៅជាប់ផ្ទាល់ ដឹងសុខទុក្ខប្រជាពលរដ្ឋ ដូច្នេះការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ជោគជ័យយ៉ាងណាគឺអាស្រ័យលើការចូលរួមយ៉ាងធំពី រដ្ឋបាលរាជធានី-ខេត្តតែម្ដង។
ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើការក្រើនរំលឹក និងណែនាំអភិបាលរាជធានី-ខេត្តទាំងអស់ សូមយកចិត្តទុកដាក់លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ទាំងការងារបង្ការ ទប់ស្កាត់ និងបង្ក្រាប ព្រោះមានតែអភិបាលរាជធានី-ខេត្តប៉ុណ្ណោះ ដែលជាអ្នកនៅមូលដ្ឋានស្រាប់ដឹងគោលដៅទីតាំងភូមិសាស្ត្រច្បាស់លាស់ ថាកន្លែងណាដែលគួរបង្កើនការអប់រំ កន្លែងណាដែលគួរបង្កើនកម្លាំងចុះបង្ក្រាប ដោយមិនអាចរង់ចាំតែ ក្រុមការងារពីខាងលើទៅនោះទេ៕EB