ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះបន្ទូលថា មាតុភូមិកម្ពុជា គឺជាទឹកដីដ៏ស្រស់បំព្រងពោរពេញដោយសម្បត្តិធម្មជាតិ ដែលបុព្វបុរសខ្មែរ បានថែរក្សាកេរដំណែលនេះទុកសម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នា។

ព្រះមហាក្សត្រនៃកម្ពុជា មានព្រះរាជបន្ទូលដូចនេះ ក្នុងឱកាសដែលព្រះអង្គយាងជាព្រះរាជអធិបតីបើកព្រះរាជពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ «ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក (Beat Plastic Pollution)» នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥នេះ។

ព្រះមហាក្សត្រ មានព្រះបន្ទូលទៀតថា «មាតុភូមិកម្ពុជានៃយើង គឺជាទឹកដីដ៏ស្រស់បំព្រងពោរពេញដោយសម្បត្តិធម្មជាតិ ដែលបុព្វ បុរសយើងបានថែរក្សាកេរដំណែលនេះទុកសម្រាប់យើងទាំងអស់គ្នា ។ ពីជួរភ្នំដ៏ខ្ពស់ត្រដែត ព្រៃឈើ ដ៏ខៀវស្រងាត់ស្រស់ត្រកាល ទន្លេមេគង្គ បឹងទន្លេសាបដែលជាមរតកធនធានធម្មជាតិដ៏សម្បូរបែប រហូតដល់តំបន់ឆ្នេរសមុទ្ទដ៏ស្រស់រស់រវើក និងប្រជុំកោះតូចធំជាច្រើន។ សម្បត្តិធម្មជាតិទាំងអស់នេះ ហើយគឺជាសរសៃឈាម នៃជីវិត និងជាផ្នែកមួយនៃអត្តសញ្ញាណជាតិរបស់យើង»។

ព្រះមហាក្សត្រ មានព្រះបន្ទូលបន្ថែមថា ភាពសុខដុមរមនារវាងមនុស្ស និងធម្មជាតិ គឺជាឫសគល់នៃវប្បធម៌ ប្រពៃណី និងជំនឿរបស់ ប្រជាជនខ្មែរយើងតាំងពីបុរាណកាលមក ។ ការរស់នៅដោយការគោរពធម្មជាតិ មិនបំផ្លាញធម្មជាតិ និងចេះប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព គឺជាកាតព្វកិច្ចដែលយើងត្រូវបន្តថែរក្សាការពារ និងពង្រឹងឱ្យបានខ្ជាប់ខ្ជួនសម្រាប់បន្តដល់កូនចៅជំនាន់ក្រោយ៕

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ