ភ្នំពេញ ៖ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា កម្ពុជាស្រឡាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ ហើយករណីតែមួយគត់ដែលកម្ពុជារក្សាសិទ្ធិប្រើអាវុធ គឺករណីមានការឈ្លានពានតែប៉ុណ្ណោះ។

ការលើកឡើងរបស់ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក Gen Boonsin Padklang បានប្រកាសចង់ធ្វើសង្គ្រាម ជាជាងចរចាជាមួយភាគី កម្ពុជា និងថាថៃ មិនទៅតុលាការ ICJ ជាដាច់ខាត ខណៈភាគី កម្ពុជា-ថៃ កំពុងរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ នៅប្រទេសកម្ពុជា។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ លោក ប៉ែន បូណា បានឱ្យដឹងថា ការត្រៀមនាំយកករណីមុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ បន្ទាប់ពីការចរចាដោះស្រាយទ្វេភាគីមិនអាចទៅរួច គឺជាជំហរសន្តិភាពនិយមនិងបង្ហាញថាកម្ពុជាគោរពច្បាប់អន្តរជាតិ។

លោក បន្ដថា ទោះជាយ៉ាងនេះក្តី យន្តការទ្វេភាគីក៏នៅតែបន្តប្រើប្រាស់ដើម្បីចរចាដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ក្រៅពីចំណុចទាំង៤ដែលយើងលើកយកទៅតុលាការយុត្តិធម៌អន្តរជាតិ។ កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ (JBC) នៅរាជធានីភ្នំពេញនាថ្ងៃសៅរ៍នេះគឺជាឧទាហរណ៍ស្រាប់។

អ្នកនាំពាក្យ គូសបញ្ជាក់ថា «នេះសបញ្ជាក់ថា កម្ពុជាគឺជាប្រទេសដែលស្រឡាញ់សន្តិភាព និងខិតខំប្រើប្រាស់គ្រប់មធ្យោបាយសន្តិវិធីឱ្យអស់លទ្ធភាពក្នុងការដោះស្រាយបញ្ហាដើម្បីបញ្ចៀសការប្រឈមមុខដាក់គ្នាដោយអាវុធ។ មានករណីតែមួយគត់ដែលកម្ពុជារក្សាសិទ្ធិប្រើអាវុធគឺករណីដែលមានការឈ្លានពានតែប៉ុណ្ណោះ»។ 

អ្នកនាំពាក្យ បន្ដថា ពេលនេះសាធារណមតិជាតិ និងអន្តរជាតិបានមើលឃើញយ៉ាងច្បាស់ពីជំហររបស់កម្ពុជាដែលស្រឡាញ់សន្តិភាព គោរពច្បាប់អន្តរជាតិ និងស្អប់ខ្ពើមសង្គ្រាម ខណៈដែលភាគីថៃទាត់ចោលយុត្ថាធិការតុលាការយុត្តិធម៌អន្តរជាតិ ហើយមេទ័ពរបស់ខ្លួនថែមទាំងប្រើវោហាសាសន៍សង្គ្រាមទៅវិញ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ