ប្រមុខការទូតកម្ពុជា ប្រាប់អគ្គលេខាធិការ UN ថា កម្ពុជា មិនប្រើអំណាចទៅបំពានប្រទេសណាមួយទេ ព្រោះអ្វីដែលកម្ពុជាចង់បាន គឺសន្តិភាព
ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានថ្លែងប្រាប់អគ្គលេខាធិការអង្គការសហប្រជាជាតិ (UNSG) ថា កម្ពុជា មិនប្រើអំណាចទៅបំពានប្រទេសណាមួយទេ ទោះតូចជាងកម្ពុជាក៏ដោយ ព្រោះអ្វីដែលកម្ពុជាចង់បាន គឺសន្តិភាព។
នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេសកម្ពុជា ស្ដីពី ជំនួបរវាង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ។
នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំលើកទី៨០ នៃ មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA80) នៅទីក្រុងញូវយ៉ក លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជួបពិភាក្សាការងារ ជាមួយ លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (UNSG) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតរបស់កម្ពុជា ជាមួយអង្គការសហប្រជាជាតិ។
ពាក់ព័ន្ធនឹងជម្លោះព្រំដែន កម្ពុជា-ថៃ លោក អគ្គលេខាធិការ អ.ស.ប. បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ប្រទេសជិតខាងទាំងពីរ នឹងអាចដោះស្រាយបញ្ហាប្រឈមដោយសន្តិវិធីតាមរយៈការ សន្ទនា និងការប្តេជ្ញាចិត្តទៅវិញទៅមក។ លោក បានជម្រាបថា «លោកបានប្រាប់ពីកង្វល់របស់ កម្ពុជាទៅសមភាគីថៃ ហើយចង់បានដំណោះស្រាយចំពោះជម្លោះនេះ ព្រោះនៅទីបញ្ចប់ប្រជាជនជា អ្នករងទុក្ខ»។
នាឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជាសារជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបន្តផ្តល់ការរួមចំណែកដ៏យ៉ាង សកម្មចំពោះប្រតិបត្តិការថែរក្សាសន្តិភាព និងត្រៀមខ្លួនជាស្រេចក្នុងការចូលរួមក្នុងបេសកកម្មណា មួយដែលស្នើដោយអង្គការសហប្រជាជាតិ និងរួមចំណែកដល់ជំនួយមនុស្សធម៌ និងប្រយុទ្ធប្រឆាំង ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។
លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ លោកអគ្គលេខាធិការ អ.ស.ប. និងបានពាំនាំអំណរគុណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានបន្តចូលរួមគាំទ្រដល់ការបន្ថយភាពតានតឹង ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេសតាមរយៈសេចក្តីថ្លែងការណ៍ជាវិជ្ជមានរបស់ លោក ដែលអំពាវនាវឱ្យភាគីទាំងសងខាងឈប់ប្រើប្រាស់កម្លាំង ហើយបានស្នើឱ្យ លោក អគ្គលេខាធិការ បន្ត ប្រឹងប្រែងជួយក្នុងកិច្ចការនេះ។ កម្ពុជា នឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីកាត់បន្ថយភាព តានតឹង កសាងទំនុកចិត្តឡើងវិញ និងស្តារប្រក្រតីភាពក្នុងទំនាក់ទំនងរបស់យើងជាមួយប្រទេសថៃ ឡើងវិញ។
លោកឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា «កម្ពុជាមិនប្រើអំណាចទៅបំពានប្រទេសណាមួយទេ ទោះតូចជាងកម្ពុជាក៏ដោយ ព្រោះអ្វីដែលកម្ពុជាចង់បានគឺសន្តិភាព ។ កម្ពុជាបានឆ្លងកាត់សង្គ្រាមបី ទសវត្សរ៍ រួចមកហើយ និងសោកនាដកម្មអំពើប្រល័យពូជសាសន៍ ។ដូច្នេះ យើងបានយល់ច្បាស់ពី សង្គ្រាម ហើយអ្វីដែលយើងចង់បាន គឺសន្តិភាព ដូចយើងបានធ្វើនៅក្នុងការបញ្ជូនកងកម្លាំងថែរក្សា សន្តិភាព»៕