សមត្ថកិច្ចចម្រុះចុះបង្ក្រាប និងដុតបំផ្លាញត្រីសាមុនជាង ៣តោន និងគ្រឿងក្នុងមាន់ជាង ២តោន ក្រោយបង្ក្រាបបាន
កំពង់ធំ ៖ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ, លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងនគរបាលខេត្ត បានដឹកនាំកម្លាំងការិយាល័យនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្រ្តីជំនាញអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) និងខណ្ឌរដ្ឋបាលជលផល ក្រោមការសម្របសម្រួលនិតិវិធីច្បាប់ដោយលោក សាយ វាសនា ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងខេត្ត នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ បានបង្ក្រាបរថយន្តក្រុងមួយគ្រឿង ដែលដឹកជញ្ជូននាំចូលផលិតផលជលផលគ្រឿងក្នុងសត្វមាន់ ទឹកស៊ីវអ៊ីវ និងវ៉ាសាបី នៅភូមិវល្លិយាវ ឃុំ ត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ដែលគ្មានលិខិតអនុញ្ញាត។
សម្ភារវត្ថុតាងទាំងអស់ រួមមាន៖
*ទី១៖ ត្រីសាមុន ១៤០កេស ស្មើនឹង ៣០១០គីឡូក្រាម
*ទី២៖ គ្រឿងក្នុងសត្វមាន់ ២១០ កេស ស្មើនឹង ២៥២០គីឡូក្រាម
*ទី៣៖ ទឹកស៊ីអុីវ ១០០កាន ស្មើនឹង ៤០០លីត្រ
*ទី៤៖ វ៉ាសាបី ២ កេស ស្មើនឹង ១០០គីឡូក្រាម។
ក្រុមការងារចម្រុះ ដែលសម្របសម្រួលដោយស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានសម្រេចកម្ទេចចោលទំនិញខូចគុណភាព និងខុសច្បាប់ ហើយកសាង និតិវិធីតាមជំនាញរៀងៗខ្លួន រួចស្វែងរកម្ចាស់ទំនិញខាងលើដើម្បីទទួលខុសត្រូវ។
ជុំវិញការចុះបង្ក្រាបខាងលើលោកឧត្តមសេនីយ៍ទោ ហេង សុផល បានដាក់បទបញ្ជាឲ្យកងកម្លាំងទាំងអស់ត្រូវពង្រឹងទៅលើសមត្ថភាពជំនាញរបស់ខ្លួន ដើម្បីសុខសុវត្ថិភាពក៏ដូចជាសុខភាពរបស់ប្រជាពលរដ្ឋ៕