ក្រចេះ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានគូសបញ្ជាក់ថា កម្ពុជា គឺជាប្រទេសមួយ ដែលស្ថិតក្នុងចំណោមប្រទេសទាំង ១០លើពិភពលោក ដែលបានទទួលបានលទ្ធផលល្អប្រសើរ ក្នុងការចរចាពន្ធគយបដិកាជាមួយភាគីអាម៉េរិក ពោលគឺកម្ពុជានឹងមិនត្រូវបានសហរដ្ឋអាមេរិកដំឡើងពន្ធរហូតដល់ ៤៩%នោះទេ។

ក្រោមការដឹកនាំរបស់លោក ស៊ុន ចាន់ថុល និងលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កម្ពុជាបានចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការវាងកម្ពុជា និងសហរដ្ឋអាមេរិកចំនួន២លើករួចមកហើយនៅទីក្រុងវ៉ាស៊ិនតោន សហរដ្ឋអាមេរិក គឺជុំទី១នៅខែឧសភា និងជុំ២នៅខែមិថុនា និងប្រជុំតាមប្រព័ន្ធអនឡាញម្តងទៀតកាលពីព្រឹកថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២៥។

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា តាមរយៈការប្រជុំចរចាទាំង៣លើកនេះភាគីទាំងពីរបានឯកភាពគ្នា នឹងត្រៀមចេញសេចក្តីថ្លែងការណ៍រួមនៅក្នុងពេលឆាប់ៗខាងមុខនេះ ដោយសារអាមេរិកកំពុងប្រារព្ធបុណ្យជាតិ ដូច្នេះហើយភាគីទាំងពីររងចាំឱកាសសមស្របប្រកាសរួមគ្នាតែម្តង។

ក្នុងឱកាសផ្តល់បទសម្ភាសជាមួយអ្នកសារព័ត៌មាន ក្នុងពិធីចាក់បេតុងភ្ជាប់មុខតំណស្ពានចុងក្រោយស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នាព្រឹកថ្ងៃទី ៧ខែកក្កដា ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់បន្ថែមថា «ដោយសារយើងឯកភាពគ្នាចរចាដោយស្មោះជាមួយគាត់ទៅវិញទៅមកនេះ ទើបថ្ងៃទី៩នេះ ពន្ធយើងមិនមែន ៤៩%ថែមទៀតទេ។ កម្ពុជាគឺជាប្រទេសមួយក្នុងចំណោម ១៨ប្រទេសដែលចរចាជាមួយសហរដ្ឋអាមេរិក។ ហើយក្នុងចំណោម ១០ប្រទស គឺបានសម្រេចសេចក្តីថ្លែងការណ៍រួមហើយ។ អ៊ីចឹងថ្ងៃទី៩ អត់មានអត្រាពន្ធឡើងដល់ ៤៩%ទេ គឺយើងរួចខ្លួនមួយដំណាក់កាលមួយសិន ប៉ុន្តែអត្រាពន្ធបដិកាប៉ុន្មានអត់ទាន់ដឹងទេ គាត់កំពុងតែពិចារណា និងសុំការឯកភាពពីប្រធានាធិបតី ដូណាល់ ត្រាំ ទើបអាចប្រកាសបាន»។

សូមរំលឹកថា កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ លោក Donald J. Trump ប្រធានាធិបតីអាមេរិក បានប្រកាសដាកចេញការអនុវត្តពន្ធគយបដិការទៅលើជាង ១៨០ប្រទេសនៅទូទាំងពិភពលោក ដោយក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ