ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើដល់អ្នកសារព័ត៌មានទាំងអស់សូមរួមគ្នាប្រើប្រាស់ស្លាបប៉ាការបស់ខ្លួន ដើម្បីតម្កល់ផលប្រយោជន៍ជាតិជាធំ និងចូលរួមផ្តល់ព័ត៌មានពិត ត្រឹមត្រូវដល់ប្រជាពលរដ្ឋទាក់ទងនឹងព័ត៌មាននឹងជម្លោះព្រំដែនកម្ពុជា និងថៃ។

ការស្នើបែបនេះរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើង នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលលោកបានបើកកិច្ចប្រជុំតម្រង់ទិសលើការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ នៅសាលព្រះវិហារ នៃទីស្តីការក្រសួងព័ត៌មាន។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានស្នើយ៉ាងដូច្នេះថា «យើងចាំបាច់ត្រូវរួមកម្លាំងគ្នា ទោះបីជាយើងមាននិន្នាការផ្សេងគ្នាយ៉ាងណាក៏ដោយ ប៉ុន្តែ សូមឱ្យតម្កល់ផលប្រយោជន៍ជាតិជាធំ យើងប្រើដងស្លាបប៉ាការយើងការពារជាតិយើង។ សូមឱ្យបងប្អូនអ្នកសារព័ត៌មានទាំងអស់ សូមប្រយ័ត្នប្រយែងក្នុងការដកស្រង់នូវប្រភពព័ត៌មាន យកមកផ្សាយពីព្រោះឱកាសនេះជម្លោះព្រំដែនរវាងកម្ពុជា និងថៃ គឺមានព័ត៌មានពិត និងព័ត៌មានមិនពិតនៅក្នុងហ្នឹង»។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី ក៏ស្នើសូមឱ្យសមាគមអ្នកសារព័ត៌មានទាំងអស់ ណែនាំដល់សមាជិកជាអ្នកព័ត៌មាន ឱ្យបង្កើនការយកចិត្តទុកដាក់ឱ្យខ្ពស់ចំពោះការផ្សព្វផ្សាយ និងចែកព័ត៌មាន អត្ថាធិប្បាយព័ត៌មាននានា ពាក់ព័ន្ធនឹងបញ្ហាព្រំដែន រវាងកម្ពុជា និងថៃ គឺត្រូវតែមានប្រភពព័ត៌មានផ្លូវការ និងធ្វើយ៉ាងណាកុំឱ្យមានរើសអើសពូជសាសន៍។ កម្ពុជា គោរពសិទ្ធិសេរីភាពនៃការបញ្ចេញមតិជុំវិញបញ្ហាព្រំដែននោះទេ ប៉ុន្តែ អ្នកសារព័ត៌មានត្រូវឆ្លុះបញ្ចាំងឱ្យមានច្បាស់លាស់ទៅនឹងស្ថានភាពពិតប្រាកដ ពិសេសព័ត៌មានទាក់ទងនឹងបញ្ហាព្រំដែន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ