សម្តេចតេជោ ហ៊ុន សែន ប្រាប់អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌាថា ថៃ តែងបង្វែរជម្លោះផ្ទៃក្នុងរបស់ខ្លួន មកជាជម្លោះតាមព្រំដែនជាមួយប្រទេសកម្ពុជា
ភ្នំពេញ ៖ ចាប់តាំងពីទាហានថៃបាញ់សម្លាប់ទាហានខ្មែរ បង្កើតឱ្យមានវិវាទព្រំដែនកាន់តែខ្លាំងក្លានោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា តែងតែលើកបញ្ហានេះជម្រាបទៅកាន់មិត្តភក្តិបរទេស ដែលអញ្ជើញមកជួបសម្តេច។
នៅព្រឹកថ្ងៃចន្ទ ទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ ក្នុងជំនួបជាមួយលោក Pabitra Margherita អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌា, សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីបញ្ហាវិវាទព្រំដែនរវាងកម្ពុជា និងថៃ ជូនទៅលោកអនុរដ្ឋមន្ត្រីការបរទេសឥណ្ឌាផងដែរ។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ក្នុងជំនួបនេះសម្តេចតេជោ បានលើកឡើងពីមូលហេតុទាំងឡាយ ដែលនាំឱ្យមានបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ។ សម្តេចតេជោ បានលើកបង្ហាញនូវការកត់សម្គាល់ថា ប្រទេសថៃ រាល់ពេលមានបញ្ហានយោបាយផ្ទៃក្នុងរបស់ខ្លួន តែងតែបង្វែរបញ្ហាទាំងនោះមកកាន់ព្រំដែនជាមួយកម្ពុជា។
លោក ជា ធីរិទ្ធ បានលើកមកបញ្ជាក់នូវអ្វីដែលសម្តេចតេជោ ជម្រាប់ជូនទៅអនុរដ្ឋមន្ត្រីការបរទេសឥណ្ឌាយ៉ាងដូច្នេះ «សម្តេចតេជោ បានជម្រាប់ថា សម្តេចមិនមែនជាអ្នកនយោបាយឥតគុណធម៌នោះទេ ប៉ុន្តែអ្វីដែលសម្តេចធ្វើ គឺដើម្បីការពារបូរណភាពទឹកដី និងមិនចង់ឱ្យគេប្រមាថចំពោះទឹកដី និងប្រជាពលរដ្ឋកម្ពុជា។ បញ្ហាផ្ទៃក្នុងរបស់ថៃ ហើយបង្វែរមកកម្ពុជា គឺសម្តេចគ្រាន់តែបោះដុំភ្លើង ដែលគេបោះមកកម្ពុជា ត្រឡប់ទៅកាន់ក្រុងបាងកកវិញប៉ុណ្ណោះ»។
សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា បញ្ហាព្រំដែនរវាងកម្ពុជា និងថៃ គឺផ្តើមចេញពីថៃ បានគូរផែនទីជាឯកតោភាគី និងការបាញ់សម្លាប់ទាហាខ្មែរដោយទាហានថៃ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ព្រមទាំងការបិទព្រំដែនជាឯកតោភាគី។
លោកអនុរដ្ឋមន្ត្រីការបរទេសឥណ្ឌា បានថ្លែងអំណរគុណសម្តេចតេជោ ដែលបានជម្រាបពីវិវាទព្រំដែនរវាងកម្ពុជា និងថៃ។ លោកអនុរដ្ឋមន្ត្រី ក៏បានថ្លែងកោតសរសើរជម្រើសរបស់កម្ពុជា ក្នុងការប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ដើម្បីដោះស្រាយបញ្ហានេះ៕