រដ្ឋសភា អនុម័តទទួលយកសំណើ របស់តំណាងរាស្រ្តហត្ថលេខីទាំង ១២៥រូប ដែលស្នើសុំធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ ដើម្បីបើកផ្លូវរៀបចំក្របខ័ណ្ឌច្បាប់ដកសញ្ជាតិខ្មែរ ចំពោះពលរដ្ឋក្បត់ជាតិ និងក្បត់ពលរដ្ឋខ្លួន
ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានអនុម័តទទួលយកសំណើរបស់តំណាងរាស្រ្តហត្ថលេខីទាំង១២៥រូប ដែលស្មើនឹង ១០០% នៃតំណាងរាស្រ្តសរុប មកពីចម្រុះគណបក្សទាំងអស់មានអាសនៈក្នុងរដ្ឋសភា ដែលបានស្នើសុំរដ្ឋសភាធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបើកផ្លូវអនុញ្ញាតឱ្យមានការរៀបចំក្របខណ្ឌច្បាប់ សម្រាប់ការដកសញ្ជាតិខ្មែរ ចំពោះពលរដ្ឋខ្មែរណា ដែលបានប្រព្រឹត្តអំពើក្បត់ជាតិ ឬការធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍នៃព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ដោយគប់គិតជាមួយបរទេស មកពិនិត្យសិក្សា។
គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានប្រគល់ភារកិច្ចនេះជូនគណៈកម្មការជំនាញ គឺគណៈកម្មការនីតិកម្ម និងយុត្តិធម៌ ពិនិត្យសិក្សាហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។ តាមគម្រោងគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានឹងបើកកិច្ចប្រជុំពិនិត្យលទ្ធផលនៃការពិនិត្យសិក្សារបស់គណៈកម្មការជំនាញនៅថ្ងៃទី៨ ខែកក្កដា ស្អែកនេះ ហើយសំណើសុំធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា របស់តំណាងរាស្រ្តហត្ថលេខីទាំង១២៥រូប នេះនឹងដាក់ជូនសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៤ នីតិកាលទី៧ ពិភាក្សា និងអនុម័តនៅព្រឹកថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។
ការធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាការពារ និងលើកកម្ពស់ផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ ទប់ស្កាត់ និងប្រឆាំងរាល់សកម្មភាពក្បត់ជាតិដោយបុគ្គល ណា ដែលបានគប់គិតជាមួយបរទេសហើយមកបំផ្លាញជាតិ និងបំផ្លាញប្រជាពលរដ្ឋខ្លួនឯង។
ការដកសញ្ជាតិខ្មែរពីប្រជាពលរដ្ឋរបស់ខ្លួនណាម្នាក់មិនមែនជារឿងថ្មីនោះទេ។ សម្រាប់កម្ពុជា កាលពីសម័យមុនក៏មានច្បាប់កំណត់អំពីដកសញ្ជាតិខ្មែរ ដូចជា ក្រមរដ្ឋប្បវេណីឆ្នាំ១៩២០ ដែលត្រូវបានធ្វើវិសោធនកម្មជាបន្តបន្ទាប់ និងច្បាប់ស្ដីពីការបាត់សញ្ជាតិខ្មែរ ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ ៣៧៧/៦៨-ប.រ. ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៦៨ជាដើម៕