(ចិន)៖ ក្រសួងការបរទេសចិននៅថ្ងៃទី២០ ខែមេសានេះ បានទទូចឲ្យសហរដ្ឋអាមេរិកគោរពការពិត គោរពវិទ្យាសាស្ត្រ និងឈប់ប្រើភាសាគ្មានការទទួលខុសត្រូវបែបនេះទៀត ហើយត្រូវទទួលស្គាល់ថា ចិនក៏ជាប្រទេស ដែលរងគ្រោះដោយជំងឺឆ្លងរាតត្បាតទូទាំងសកលលោកបង្កដោយវីរុសកូវីដ១៩ ដូចប្រទេសដទៃទៀតផងដែរ។
បណ្ដាញកាសែតក្នុងស្រុក CGTN បានផ្សាយថា លោក Geng Shuang អ្នកនាំពាក្យក្រសួងបានធ្វើការកត់សម្គាល់បែបនេះក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានថ្លែងថា៖ ចិនគួរតែចេញមុខប្រសិនបើមានការពាក់ព័ន្ធជាមួយនឹងការឆ្លងរាតត្បាតនេះ។
អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះបាននិយាយថា៖ ចិនបានខិតខំទប់ស្កាត់ការរីករាលដាលនៃមេរោគនេះប្រកបដោយភាពបើកចំហ និងតម្លាភាព។ កិច្ចប្រឹងប្រែងរបស់ចិនរួមមានការលះបង់ដ៏ធំធេង និងការចូលរួមចំណែកសំខាន់ៗក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។
លោក Geng បានគូសបញ្ជាក់ដោយចោទជាសំណួរថា៖ កាលពីឆ្នាំ២០០៩ ជំងឺផ្ដាសាយដែលបង្កឡើងដោយវីរុសH1N1 បានផ្ទុះចេញពីសហរដ្ឋអាមេរិក ហើយបានសាយភាយទៅដល់ជាង២០០ប្រទេសនិងបណ្ដាលឲ្យបាត់បង់ជីវិតមនុស្សជាង២០០.០០០នាក់ហើយក្នុងអំឡុងទសវត្សរ៍ទី៨០អ្នកជម្ងឺដំបូងដែលឆ្លងវីរុសHIV ក៏រកឃើញនៅសហរដ្ឋអាមេរិកដែរ។តើពេលនោះមាននរណាចោទប្រកាន់ឬទាមទារឲ្យសហរដ្ឋអាមេរិកទទួលខុសត្រូវដែរទេ?៕ដោយPP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ