ថៃ៖ តាមរបាយការណ៍ប៉ូលីសថៃគិតត្រឹមរសៀលថ្ងៃពុធនេះបានអះអាងថា ជនជាតិវៀតណាមម្នាក់ក្នុងចំណោមប្រាំមួយនាក់ដែលត្រូវបានគេប្រទះឃើញស្លាប់នៅឯសណ្ឋាគារ Grand Hyatt Erawan ក្នុងទីក្រុងបាងកក កាលពីល្ងាចថ្ងៃអង្គារ បានបំពុលអ្នកផ្សេងទៀតហើយបន្ទាប់មកធ្វើអត្តឃាតសម្លាប់ខ្លួនដោយសារតែបំណុល។

លោកឧត្តមសេនីយ៍ទោ Theeradet Thumsuthee ប្រធានផ្នែកស៊ើបអង្កេតនៃស្នងក្រុងបាងកក បានបញ្ជាក់ថាក្រុមអ្នកបាត់បង់ជីវិតទាំងអស់បានរួមគ្នាវិនិយោគលើវិស័យសាងសង់ដោយមានប្តីប្រពន្ធ២នាក់ជាអ្នកបបួលគេឱ្យវិនិយោគ។ប៉ុន្តែដោយសារតែអាជីវកម្មដំណើរការមិនបានដូចទៅតាមការព្រមព្រៀង ជាលទ្ធផលធ្វើឲ្យជំពាក់បំណុលជាច្រើនដែលជាដើមហេតុឈានដល់ការដាក់ថ្នាំបំពុលសម្លាប់ជនរងគ្រោះនិងធ្វើអត្តឃាតខ្លួនឯង។ ប៉ូលីសសន្និដ្ឋានថាជនដែលប្រព្រឹត្តបទល្មើសនេះឈ្មោះ Ms.SHERINE CHONG អាយុ៥៦ឆ្នាំ ជាបុគ្គលដែលស្លាប់ចុងក្រោយគេបង្អស់។ 

ប៉ូលិសធ្វើកោសល្យវិច្ច័យបានរកឃើញសារធាតុស៊ីយ៉ានុត (Cyanide ក្នុងកែវប្រើប្រាស់រួចក្នុងបន្ទប់លេខ៥០២ ដែលសាកសពត្រូវបានរកឃើញ ។ឃាតករត្រូវបានគេជឿថាបានបំពុលមនុស្ស៥នាក់ផ្សេងទៀតមុនពេលសម្លាប់ខ្លួនឯង ក្នុងនោះមានសារធាតុពុលនៅក្នុងភេសជ្ជៈដែលមើលទៅដូចជាកាហ្វេខ្មៅ ត្រូវបានរកឃើញនៅក្នុងដបចំនួនពីរនៅក្នុងបន្ទប់ជនរងគ្រោះ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ