អាមេរិច៖ ប្រធានាធិបតីអាមេរិក Donald Trump និងគូប្រជែងលោក Joe Biden បានប៉ះទង្គិចគ្នាសាជាថ្មីពាក់ព័ន្ធនឹងជំងឺកូវីដ ១៩ និងការរើសអើងជាតិសាសន៍ ខណៈក៏មានការចោទប្រកាន់ពីអំពើពុករលួយនៃអាជីវកម្មនៅក្នុងការជជែកដេញដោលនៃតំណែងប្រធានាធិបតីលើកចុងក្រោយនេះផងដែរ ។

ស្តីពីជំងឺរាតត្បាតកូវីដ ១៩ លោក Biden មិនបដិសេធចំពោះការបិទប្រទេសបន្ថែមទៀតនោះទេ ខណៈពេលដែលលោក Trump បានទទូចថា វាដល់ពេលហើយដើម្បីបើកសហរដ្ឋអាមេរិកសាជាថ្មី ដោយសារតែមនុស្សភាគច្រើនដែលឆ្លងជំងឺកូវីដ ១៩ បានជាសះស្បើយ ។

ចំណែកអំពីអំពើពុករលួយវិញ លោក Trump បានលើកឡើងថា លោក Biden បានទទួលផលចំណេញពីការធ្វើជំនួញរបស់កូនប្រុសគាត់ ហើយអ្នកប្រជាធិបតេយ្យមួយនេះបានដំឡើងពន្ធរបស់លោក Trump ។

រីឯចំណុចនៃការរើសអើងជាតិសាសន៍លោក Trump បាននិយាយថា “លោកជាមនុស្សប្រកាន់ជាតិសាសន៍តិចបំផុតនៅក្នុងបន្ទប់ជជែកដេញដោលនេះ” ។

ប៉ុន្តែលោក Biden បាននិយាយថា លោក Trump គឺជាប្រធានាធិបតីដែលប្រកាន់ពូជសាសន៍ខ្លាំងបំផុតម្នាក់ដែលយើងមាននៅក្នុងប្រវត្តិសាស្រ្តសម័យទំនើប ។

បន្ថែមពីនេះអ្នកទាំងពីរក៏បានប៉ះទង្គិចគ្នាជាថ្មីម្តងទៀតលើគោលនយោបាយថាមពល និងបញ្ហាអាកាសធាតុផងដែរ ខណៈដែលលោក Trump បានសួរគូប្រជែងរបស់លោកថា “តើអ្នកនឹងបិទឧស្សាហកម្មប្រេងដែរឬទេ?” ។

លោក Biden បាននិយាយថា “ខ្ញុំនឹងផ្លាស់ប្តូរពីឧស្សាហកម្មប្រេង ពីព្រោះឧស្សាហកម្មប្រេងមានការបំពុលយ៉ាងខ្លាំង” ។

គួរបញ្ជាក់ថា ការជជែកដេញដោលគ្នាកាលពីរាត្រីថ្ងៃព្រហស្បតិ៍នៅទីក្រុង Nashville រដ្ឋ Tennessee គឺមានការរឹតបន្តឹងខ្លាំងជាងការជជែកដេញដោលកាលពីលើកមុនរបស់អ្នកទាំងពីរកាលពីថ្ងៃទី ២៩ ខែកញ្ញា ដែលបានជេរប្រមាថ និងការហៅឈ្មោះចំៗជាដើម ។

ប៉ុន្តែទន្ទឹមនោះក៏មានការវាយប្រហារទៅវិញទៅមកជាច្រើនផងដែរត្រូវបានគេមើលឃើញរវាងគូប្រជែងទាំងពីរនេះ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ