ក្នុងឱកាសដែលពលរដ្ឋកម្ពុជា ឈប់សម្រាកក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ  រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងឲ្យពលរដ្ឋបន្តទុកដាក់សំរាមក្នុងឱកាសថ្ងៃឈប់សម្រាក នៃពិធី បុណ្យភ្ជុំបិណ្ឌ។ រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយស សូមជម្រាបជូនដំណឹងដល់ម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្ម សេវាកម្ម និងបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញឱ្យបានជ្រាបថា នៅក្នុងឱកាសថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ ខែកញ្ញា ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ បុគ្គលិក កម្មករ របស់ក្រុមហ៊ុនស៊ីនទ្រីមួយចំនួនត្រូវបានឈប់សម្រាកពីការងារ ធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់ពួកគាត់នៅតាមបណ្តាខេត្តនានា ដែលធ្វើឱ្យការផ្តល់សេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង ក្នុងរាជធានីភ្នំពេញ មានភាពរអាក់រអួលមិនបានពេញ លេញដូចថ្ងៃធម្មតានោះទេ។ 

ដូចនេះ ដើម្បីថែរក្សាសោភណភាព អនាម័យ បរិស្ថាន រាជធានីភ្នំពេញ សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋជាម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្ម សេវាកម្ម ដែល មានទីតាំងនៅក្នុងរាជធានីភ្នំពេញទាំងអស់ សូមមេត្តាយោគយល់ និងអធ្យាស្រ័យ កុំបញ្ចេញសំរាម សំណល់រឹងមកដាក់នៅតាមដងផ្លូវសាធារណៈនៅ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនេះ ដោយសូមរក្សាការទុកដាក់សំរាមឱ្យបានត្រឹមត្រូវនៅក្នុងទីតាំងរៀងៗខ្លួនជាបណ្តោះអាសន្នសិន។      

រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមជឿជាក់ថា ម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្ម សេវាកម្មនិងបងប្អូនប្រជា ពលរដ្ឋក្នុងរាជធានីភ្នំពេញទាំងអស់នឹងចូលរួមចំណែកថែរក្សាអនាម័យបរិស្ថានរាជធានីភ្នំពេញយើងឱ្យបានល្អប្រសើរជាមិនខាន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ