មន្ត្រីយោធា និងជាថៅកែក្លឹបហាត់ប្រាណសុខភាពមួយកន្លែង បានផ្ទុះហិង្សាយកកាំបិត និងកាំភ្លើងគំរាមប្រពន្ធ បណ្តាលអោយរបួស ត្រូវបានកម្លាំងកងអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួន។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩៖៣០នាទី ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ នេះ នៅចំណុចក្លឹបហាត់ប្រាណសុខភាព ទីតាំងផ្ទះគ្មានលេខ ក្រុមទី១៧ ស្ថិតនៅភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។
កម្លាំងអាវុធហត្ថខណ្ឌមានជ័យ បានឲ្យដឹងថា ជនបង្កជាប្តីដែលឃាត់ខ្លួន ឈ្មោះប៉ាវ ថុង អាយុ៤៨ឆ្នាំ មុខរបរបើកក្លឹបហាត់ប្រាណ ស្នាក់នៅកន្លែងកើតហេតុ។ ចំណែកជនរងគ្រោះជាប្រពន្ធឈ្មោះ ទុយ រាសី អាយុ២៨ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅកន្លែងកើតហេតុ រស់នៅជាមួយគ្នាមិនបានរៀបការមានកូន២នាក់ រងរបួសប្រអប់ដៃខាងឆ្វេងមុតកាំបិតដោយសារប្ដីយកកាំបិតនិងកាំភ្លើងខ្លីមកគំរាម។
តាមប្រភពព័ត៌មាន បានអោយដឹងថា មន្ត្រីយោធានេះ កន្លងមកតែងតែបង្កបញ្ហាជម្លោះក្នុងគ្រួសារជាច្រើនលើកមកហើយ ទើបម្តងនេះដោយសារតែប្រពន្ធ និងម្តាយទ្រាំមិនបានក៏សម្រេចប្តឹងអោយសមត្ថកិច្ចជំនាញជួយអន្តរាគមន៍ឃាត់ខ្លួនតែម្តងទៅ។
ក្នុងការឃាត់ខ្លួនខាងលើនោះ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាង កាំបិត មុតស្រួចចំនួន១ដើម, អាវុធខ្លី ចំនួន២ដើម ម៉ាករ៉ូឡូ គ្មានគ្រាប់១ដើម និងអាវុធខ្លីមិនស្គាល់ម៉ាក១ដើម និងវត្ថុតាងមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវបាន បញ្ជូនខ្លួនមកមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យដើម្បីសាកសួរតាម នីតិវិធីច្បាប់៕