ចាប់ពីថ្ងៃនេះកម្មវិធី TikTok នឹងត្រូវបិទ មិនឲ្យដំណើរការនៅសហរដ្ឋអាមេរិក
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអះអាងថា លោកមានផែនការបិទបណ្ដាញទំនាក់ទំនងសង្គមចិន TikTok មិនឱ្យដំណើរការ នៅក្នុងសហរដ្ឋអាមេរិកតទៅទៀត ហើយការថ្លែងបែបនេះបានកើតមានឡើង ចំពេលភាពតានតឹងជាមួយចិន កាន់តែមានសភាពធ្ងន់ធ្ងរឡើងៗ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន The Hill នៅព្រឹកថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២០។
លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅលើយន្ដហោះ Air Force One យ៉ាងខ្លីដូច្នេះថា «ដោយសារតែបច្ចុប្បន្ន TikTok គឺជាក្ដីព្រួយបារម្ភ យើងកំពុងរៀបចំបិទបណ្ដាញទំនាក់ទំនងសង្គមមួយនេះ មិនឱ្យធ្វើ ប្រតិបត្តិការនៅក្នុងសហរដ្ឋអាមេរិកតទៅទៀត»។ លោក ត្រាំ បានបន្ថែមទៀតថា លោកអាចនឹងប្រើប្រាស់អំណាចប្រកាសអាសន្នខាងសេដ្ឋកិច្ច ឬបទបញ្ជាប្រតិបត្តិ ដើម្បីបិទ TikTok នៅក្នុងសហរដ្ឋអាមេរិក ហើយលោកផ្ទាល់ក៏មិនគាំទ្រឱ្យក្រុមហ៊ុនអាមេរិកណាមួយទិញ TikTok នោះដែរ។
គួរជម្រាបថា សហរដ្ឋអាមេរិកបានចោទប្រកាន់ក្រុមហ៊ុន TikTok ថា មានទំនាក់ទំនងជិតសិ្នទ្ធជាមួយគណបក្សកុម្មុយនិស្ដចិន និងជាការគំរាមកំហែងមួយ ដល់សន្តិសុខជាតិអាមេរិក ដោយសារតែបណ្ដាញទំនាក់ទំនងសង្គមមួយនេះ ត្រូវបានចិនប្រើប្រាស់ដើម្បីស៊ើបការណ៍ និងលួចព័ត៌មានសម្ងាត់នានា។ សហរដ្ឋអាមេរិក ក៏បានដាក់បម្រាមប្រើប្រាស់ TikTok នៅតាមស្ថាប័នយោធា និងរដ្ឋាភិបាលផងដែរ។ ក៏ប៉ុន្តែទាំងក្រុមហ៊ុន TikTok និងទីក្រុងប៉េកាំងបានទាត់ចោល រាល់ការចោទប្រកាន់របស់សហរដ្ឋអាមេរិក៕ SP