អ្នកវិទ្យាសាស្រ្តបានបង្ហាញរូបភាព សត្វ រមាំងចំនួន៤ក្បាល ដែលគេថតបានជាលើកដំបូងក្នុងអំឡុងពេល៥ឆ្នាំ តាមរយៈការប្រើម៉ាស៊ីនថតស្វ័យប្រវិត្ត នៅក្នុងដែនជម្រកសត្វ ព្រៃសំបូរដែលជាតំបន់ ការពារធម្មជាតិមួយស្ថិតក្រោមការគាំទ្រដោយ អង្គការWWF មានទីតាំង ស្ថិត ក្នុងតំបន់ទេស ភាពព្រៃលិចទឹកមេគង្គនៃខេត្ត ក្រចេះ។ សត្វរមាំងត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វ រងគ្រោះថ្នាក់ជិតផុតពូជ  ទាំងនៅក្នុងច្បាប់ព្រៃឈើរបស់ប្រទេសកម្ពុជា និងក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ។

ក្រសួងបរិស្ថានពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងចំពោះការរកឃើញវត្តមានសត្វរមាំង ។ ក្នុងនាមជារាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថានសូមថ្លែងអំណរគុណចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ សត្វព្រៃនៅក្នុងប្រទេសកម្ពុជា។ 

វត្តមាននៃសត្វរមាំងដែលជា ប្រភេទសត្វកម្រនៅលើពិភពលោកនេះ ក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា បានបញ្ជាក់ពីប្រសិទ្ធភាពនៃការ ការពារនិងអភិរក្ស និងការទប់ស្កាត់បទល្មើសធនធានធម្មជាតិជាពិសេសបទល្មើសនៃការបរបាញ់សត្វ និងការដាក់អន្ទាក់សត្វព្រៃ។ ក្រសួងបរិស្ថានសូមអំពាវនាវដល់ពលរដ្ឋទាំងអស់ចូលរួមការពារនិងអភិរក្សសត្វរមាំងទាំងនេះដែលកំពុងតែរស់នៅក្នុងតំបន់ការពារធម្មជាតិ របស់ប្រទេសកម្ពុជាឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត។

 

គួរបញ្ជាក់ថា នៅក្នុងរយៈពេល ៦ ខែឆ្នាំ ២០២០ ពីខែមករា ដល់ខែមិថុនា ឆ្នាំ ២០២០ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានបានចុះល្បាតចំនួន ១៣ ៨០៤ លើក និងបានបង្ក្រាបបទល្មើសបាន ៣ ៦៨៩ ហើយក្នុងនោះបញ្ជូនសំណុំរឿងទៅតុលាការបានចំនួន៣២៩ករណី រឹបអូសរថយន្តបានចំនួន ២៥៧៨ គ្រឿង ព្រមទាំងធ្វើការផាកពិន័យអន្តរកាលចំនួន ៤៣៣ ករណី។ ក្រសួងបរិស្ថានទទួលស្គាល់ថា ទោះបីជាមានការខិតខំប្រឹងប្រែងទប់ស្កាត់និងបង្ក្រាបបទល្មើសទាំងយប់ថ្ងៃ ប៉ុន្តែបទល្មើសធនធានធម្មជាតិទ្រុងទ្រាយតូចៗនៅតែកើតមានដដែល សមត្តិកិច្ចក្រសួងបរិស្ថាននឹងបន្តសហការជាមួយអាជ្ញាធរពាក់ព័ន្ធបន្តបង្ក្រាបនិងទប់ស្កាត់ជាបន្តទៀត៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ