ឆ្លៀតឱកាស ពិភពលោកកំពុងជួបវិបត្តិកូវីដ១៩ ថៃបានលួចម្លងធ្វើប្រាសាទដែលមានរូបរាង រចនាបថដូចប្រាសាទអង្គរវត្ត
ភ្នំពេញ៖ កាលពីពេលថ្មីៗមានការប្រតិកម្ម តាមបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធករណីប្រទេសថៃសាងសង់ប្រាសាទដែលមានរូបរាង រចនាបថ ដូចទៅនឹងប្រាសាទអង្គវត្តខ្មែរ ដែលប្រាសាទនេះត្រូវបាន សាងសង់ នៅឯវត្តភូម៉ានហ្វាផាយ៉ាឆាងរ៉ង ភូមិបានណងបួរ៉ាយ ឃុំបានសិង្គ ស្រុកនាងរ៉ង ខេត្តបុរីរម្យ ។
ប្រាសាទអង្គរវត្តដែលចម្លងពីកម្ពុជានេះត្រូវបានថៃប្រសិទ្ធនាមថា ប្រាសាទសីហនគរដែលត្រូវបានប្រារព្ធពិធីបុកគ្រឹះលើកដំបូងរបស់ខ្លួននៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ ដោយកំណត់ថានឹងបញ្ចប់ការសាងសង់នៅរវាង៧ទៅ៨ឆ្នាំទៀត។
ការកសារប្រាសាទចម្លងស្ទើដូចរទាំងស្រុងរបស់ប្រាសាទអង្គរវត្តខ្មែរនោះបានធ្វើឱ្យមហាជនសម្តែងការបង្ហាញការមិនពេញចិត្តជាខ្លាំង។ពាក់ព័ន្ធករណីនេះមន្ត្រីជាន់ខ្ពស់ក្រសួងវប្បធមនិងវិចិត្រសិល្បៈ បានអះអាងថា នឹងមានវិធានការតាមច្បាប់ប្រសិនរកឃើញថាភាគីប្រទេសថៃ បានលួចសាងសង់ចម្លងរូបរាងប្រាសាទអង្គរវត្តទៅសាងសង់លើទឹកដីប្រទេសខ្លួនដោយមិនបានសុំសិទ្ធិពីកម្ពុជាប្រាកដមែននោះ។
ហើយបច្ចុប្បន្នអាជ្ញាធរអប្សរាបានទាក់ទងតាមប្រព័ន្ធអេឡិចត្រូនិចទៅកាន់ភាគីអ្នកចេញគំរូប្លង់មេរបស់ថៃ ហើយក៏បានទាក់ទងទៅកាន់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃដើម្បីប្រមូលព័ត៌មានឲ្យបានច្បាស់ មុនឈានដល់ដំណោះស្រាយ និងចំណាត់ការច្បាប់ណាមួយ។
សម្រាប់ការណីលួចចម្លងប្រាសាទនេះមហាជនកម្ពុជា សង្ឃឹមថា នឹងមានដំណោះស្រាយ ឬចំណាត់ការណាមួយ ល្អប្រសើរសម្រាប់ភាគីកម្ពុជាដែលជាម្ចាស់របស់ប្រាសាទអង្គវត្ត ជាសម្បត្តិវប្បធម៌រូបី និងឱ្យសាកសមទៅនឹងអ្វីដែលបុព្វបុរសខ្មែរ ដែលបានពលិកម្មទុកដល់កូនចៅជំនាន់ក្រោយ ។
សូមបញ្ជាក់ថា នេះមិនជាលើកទី១នោះទេ ដែលថៃតែងចិញ្ចឹមចិត្តលួចចម្លងរចនាបទ ប្រាសាទរបស់កម្ពុជាដើម្បីធ្វើជារបស់ខ្លួន ដោយកាលពីពេលកន្លងទៅ មានករណីសណ្ឋាគារថៃមួយ សាងសង់ដោយយកតាមរចនាបថប្រាសាទខ្មែរគឺរចនាបថប្រាសាទបាយ័ន ប្រាសាទបន្ទាយស្រី និងជាពិសេស គឺប្រាសាទអង្គរវត្ត។ ហើយ បន្តមកទៀតមានករណី ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ ធ្វើការផ្សព្វផ្សាយអំពីភាពយន្ត ដោយបានយកប្រាសាទអង្គរវត្តរបស់ខ្មែរមករចនាលើរូបភាពផ្សព្វផ្សាយភាពយន្តបុរាណរបស់ខ្លួនដែលការ ធ្វើបែបនេះក្នុងន័យចង់ឲ្យបរទេសមានការយល់ច្រឡំ។ហើយរឿងរ៉ាងពាក់ព័ន្ធទៅនឹងការលួចចម្លងផ្សេងៗភាគីថៃតែងទទួលស្គាល់នូវកំហុស និងធ្វើការសុំទោសជាសាធារណៈ ប៉ុន្តែករណីដដែលៗរឿងប្រាសាទអង្គវត្តរបស់ខ្មែរនៅកើតមានជាបន្តបន្ទាប់៕SP