ក្រសួងការបរទេសអាមេរិកនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ឲ្យដឹងថា អាមេរិកបានដកហូតទិដ្ឋាការសម្រាប់ជនជាតិចិនជាង១,០០០នាក់ តាមការប្រកាសរបស់លោកប្រធានាធិបតីដូណាល់ ត្រាំ កាលពីថ្ងៃទី២៩ឧសភា។ ការសម្រេចលុបចោល ដើម្បីបញ្ឈប់ចរន្តចូលក្នុងសហរដ្ឋអាមេរិក ដោយនិស្សិតចិននិងអ្នកជំនាញស្រាវជ្រាវ ដែលត្រូវបានចាត់ទុកថា មានហានិភ័យចំពោះសន្តិសុខសង្គម។

លោកChad Wolf ប្រធានស្តីទីនៃនាយកដ្ឋានសន្តិសុខមាតុភូមិសហរដ្ឋអាមេរិកនិយាយក្នុងសុន្ទរកថា ថារដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនកំពុងរារាំងនូវទិដ្ឋាការរបស់និស្សិត និងអ្នកស្រាវជ្រាវចិនមួយចំនួន ដែលមានជាប់ពាក់ព័ន្ធជាមួយនឹងយោធាចិន។ ការរារាំងនេះ ដោយហេតុថា ដើម្បីការពារនូវលួចចូលលុកលុយណាមួយលើសន្តិសុខជាតិអាមេរិក។

តាមរយៈសុន្ទរកថាដដែលលោកWolf និយាយទៀតថា អាមេរិកបានរងនូវការធ្វើអាជីវកម្មយ៉ាងអយុត្តិធម៌ និងចារកម្មឧស្សាកម្មពីសំណាក់ប្រទេសចិន រួមទាំងការលួចចូលលុកលុយទិន្នន័យស្រាវជ្រាវវ៉ាក់សាំងប្រឆាំងវីរុសកូវីដ-១៩ផងដែរ។ ម្យ៉ាងទៀតអាមេរិកកំពុងតែរារាំងនូវទំនិញចិន ដែលបានមកពីការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ លើជនជាតិមូស្លីមនៅក្នុងតំបន់ស៊ីនជាំង ដែលរំលោភលើការគោរពសេចក្ដីថ្លៃថ្នូររបស់មនុស្ស។

ជាការឆ្លើយតប ប្រទេសចិនកាលពីខែមិថុនាបានប្រឆាំងដាច់ខាតរាល់វិធានការណ៍របស់សហរដ្ឋអាមេរិក ក្នុងការរឹតត្បិតនិស្សិតចិន មិនឲ្យទៅសិក្សានៅសហរដ្ឋអាមេរិក។ មិនតែប៉ុណ្ណោះចិនបានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន ធ្វើអ្វីបន្ថែមទៀតដើម្បីផ្លាស់ប្តូរការរារាំងនេះ និងស្នើឲ្យមានការយោគយល់គ្នាទៅវិញទៅមក។ ចិនមាននិស្សិតប្រមាណ៣៦ម៉ឺននាក់ សិក្សានៅសហរដ្ឋអាមេរិក ដោយបានផ្ដល់ចំណូលយ៉ាងច្រើនដល់មហាវិទ្យាល័យនៅក្នុងសហរដ្ឋអាមេរិក ទោះបីស្ថិតក្នុងដំណាក់កាលនៃការរាតត្បាតពីសំណាក់វីរុសកូវីដ-១៩ក៏ដោយ។

គួរកត់សំគាល់ថា ទំនាក់ទំនងរវាងចិនអាមេរិក បានធ្លាក់ចុះដល់កម្រិតទាបបំផុតជាប្រវត្តិសាស្ត្រ ដោយប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរនេះ កំពុងតែប្រឈមមុខគ្នា ពាក់ព័ន្ធនឹងបញ្ហាជាច្រើនរាប់ចាប់តាំងពីបញ្ហាពាណិជ្ជកម្ម បញ្ហាសិទ្ធិមនុស្សនៅក្នុងទីក្រុងហុងកុង និងបញ្ហាវីរុសកូរ៉ូណាឬកូវីដ-១៩ ជាដើម៕ SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ