កាលពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោងប្រមាណ ១៥ និង ៣០ នាទីរសៀលនៅចំណុចភូមដូនត្រិត ឃុំ តាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង ក្នុងពេលដែលប្រជាពលរដ្ឋសឹងតែមួយស្រុកភ័យព្រួយនឹងជំនន់ទឹកភ្លៀង បង្កការលិចលង់លំនៅដ្ឋានផលដំណាំពុំទាន់បានស្រាកស្រាន្តផងនោះ ក៏ស្រាប់តែចោរចិត្តឥតមេត្តាមកធ្វេីសកម្មភាពលួចយកគោមេ តែមួយរបស់ប្រជាពលរដ្ឋឈ្មោះ ច្រឹង បូរី ភេទស្រី អាយុ ៤២ឆ្នាំ រស់ នៅមូលដ្ឋានខាងលើ ទៅបាត់ក្នុងខណៈដែលម្ចាស់ចងឱ្យស៊ីស្មៅនៅចម្ងាយប្រមាណ២០០ម៉ែត្រពីខាងមុខផ្ទះ។

ទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចមូលដ្ឋានក៏បាន ធ្វើការស្រាវជ្រាវជុំវិញករណីចោរលួចឥតក្តីមេត្តានេះជាបន្ទាន់។នាវេលាម៉ោង ៧និង៣០នាទីព្រឹកថ្ងៃទី ១៤ខែ តុលា ឆ្នាំ ២០២០ នេះចោរចិត្តឥតមេត្តាម្នាក់ឈ្មោះ សេង សុបិន ហៅ ហុង ភេទប្រុស អាយុ ២៤ឆ្នាំ ដែលមានលំនៅដ្ឋានក្នុងស្រុកសំឡូតដែរ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនស្រាវជ្រាវ ហើយទីបំផុតគេបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពលួចគោមេរបស់ជនរងគ្រោះខាងលើប្រាដកមែន ។ 

ក្រោយសាកសួរសមត្ថកិច្ចបាន ស្វែងរកគោ មួយក្បាលនោះប្រគល់ជូនទៅជនរងគ្រោះវិញ រីឯចោរចិត្តឥតមេត្តារូបនេះ ត្រូវបានសមត្ថិកិច្ចនគរបាលរៀបចំសំណុំរឿងបញ្ជូនមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ