កាត់បន្ថយទោសលោកស្រី អ៊ុងសាន ស៊ូជី មកត្រឹម២ឆ្នាំវិញ ក្រោយមានការលើកលែងទោសពីមេដឹកនាំ យោធាមីយ៉ាន់ម៉ា
មីយ៉ាន់ម៉ា៖ ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ាបានប្រកាសថា ការកាត់ទោសឱ្យជាប់ពន្ធនាគាររបស់លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានកាត់ពាក់កណ្តាលមកត្រឹមពីរឆ្នាំ ដោយសារតែការលើកលែងទោសពីប្រធានក្រុមប្រឹក្សារដ្ឋបាល។នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានREUTERS នៅថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០២១។
ការលើកលែងទោសត្រូវបានគេមើលឃើញថាជាការប៉ុនប៉ងរបស់មេដឹកនាំយោធាមីយ៉ាន់ម៉ា លោកឧត្តមសេនីយ Min Aung Hlaing ជាប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ដើម្បីគេចពីការរិះគន់ ពីអន្តរជាតិ និងអំពាវនាវឱ្យមានការគោរពលទ្ធិប្រជាធិបតេយ្យ។
កាលពីព្រឹកថ្ងៃចន្ទ មានសេចក្តីរាយការណ៍ថា នាងត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំបន្ទាប់ពីត្រូវបានរកឃើញថាមានទោសពីបទ «ញុះញង់»និង ពីបទបំពាននឹងវិធានការសុខាភិបាល ទាក់ទិននឹងការឆ្លងរាលដាលកូវីដ១៩។ចំណែកលោក Win Myint អតីតប្រធានាធិបតីភូមា ក៏ត្រូវតុលាការផ្ទន្ទាទោសសរុប៤ឆ្នាំដូចគ្នាដែរ ក្រោមបទចោទប្រកាន់ ដូចលោកស្រីអ៊ុងសាន ស៊ូជី ដែរ។
គួរបញ្ជាក់ថា លោកស្រី អ៊ុង សានស៊ូជី គឺជាទីប្រឹក្សារដ្ឋ និងជាមេដឹកនាំប្រទេសមីយ៉ាន់ម៉ាមួយរូប មុនពេលទាហានមីយ៉ាន់ម៉ាប្រកាសធ្វើរដ្ឋប្រហារ កាន់កាប់ប្រទេសបានទាំងស្រុងកាលពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅ៕SP