ទីបំផុត! ព្រះមហាក្សត្រថៃ បានសម្រេចបន្ធូរបន្ថយទោសអតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ជាប់ពន្ធនាគារ ៨ឆ្នាំមកត្រឹម ១ឆ្នាំវិញ
បាងកក៖ រដ្ឋាភិបាលថៃ បានប្រកាសឱ្យដឹងថា ព្រះមហាក្សត្រថៃ ព្រះបាទ មហាវិច្ឆិរ៉ា ឡុងកន បានសម្រេចព្រះទ័យបន្ធូរបន្ថយទោសជាប់ពន្ធនាគាររបស់អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ ពី៨ឆ្នាំ មកនៅត្រឹមតែ ១ឆ្នាំប៉ុណ្ណោះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃទី០១ កញ្ញា ២០២៣។
ឯកសារនោះបានសរសេរថា «លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា បានទទួលយកឧក្រិដ្ឋកម្មរបស់ខ្លួន ហើយបានបង្ហាញពីវិប្បដិសារី» ដោយបន្ថែមថា «អតីតនាយករដ្ឋមន្ត្រីរូបនេះ មានជំងឺប្រចាំកាយ»។
គួរបញ្ជាក់ថា លោក ថាក់ស៉ីន ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៨ឆ្នាំ សម្រាប់បទល្មើសរំលោភអំណាច និងទំនាស់ផលប្រយោជន៍ បន្ទាប់ពីរូបលោកបានវិលត្រឡប់មកកាន់ប្រទេសថៃវិញ កាលពីសប្តាហ៍មុន ក្រោយការរស់នៅនិរទេសខ្លួន អស់រយៈពេល១៥ឆ្នាំ។
គួររម្លឹកផងដែរថា លោក ថាក់ស៉ីន ធ្លាប់កាន់តំណែងជានាយករដ្ឋមន្រ្តីថៃ កាលពីចន្លោះឆ្នាំ២០០១-២០០៦៕