មនុស្ស១២នាក់ស្លាប់ និង២១នាក់ទៀតបាត់ខ្លួន ក្នុងគ្រោះរអិលបាក់ដីដោយសាទឹកភ្លៀងធ្លាក់ខ្លាំង នៅប្រទេសនេប៉ាល់
ប្រភពពីមន្ត្រីរដ្ឋាភិបាលនេប៉ាល់ម្នាក់ បានឲ្យដឹងថា គ្រោះរអិលបាក់ដីដែលបង្កឡើងដោយទឹកភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារភូមិចំនួនពីរនៅប្រទេសនេប៉ាល់ នៅថ្ងៃអាទិត្យនេះ។ ក្នុងហេតុការណ៍នេះ មនុស្សយ៉ាងហោចណាស់ ១២នាក់ស្លាប់បាត់បង់ជីវិត ខណៈ២១នាក់ទៀតកំពុងតែបាត់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២០។
មន្ត្រីរដ្ឋាភិបាលនេប៉ាល់បានគូសបញ្ជាក់ថាមានមនុស្សចំនួន ១០បានស្លាប់ និង២១នាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីការរអិលបាក់ដីដ៏ធំមួយ បានវាយប្រហារផ្ទះសម្បែងជាច្រើនខ្នង នៅទីប្រជុំជន Barahbise ស្ថិតនៅចម្ងាយ ១០០គីឡូម៉ែតភាគខាងកើតនៃទីក្រុង Kathmandu ជាប់ព្រំដែនជាមួយតំបន់ទីបេនៃប្រទេសចិន។ ចំណែកឯ មនុស្សស្លាប់ ០២នាក់ទៀតនៅទីប្រជុំជន Baglung ស្ថិតនៅភាគពាយព្យ។
គួរជម្រាបថា ករណីអ្នកស្លាប់ចុងក្រោយនេះ បានធ្វើឲ្យចំនួនមនុស្សស្លាប់ដោយសារគ្រោះបាក់ដី និងទឹកជំនន់នៅរដូវវស្សាចាប់ពីខែមិថុនា ដល់ខែកញ្ញានេះ កើនដល់ ៣១៤នាក់។ យ៉ាងហោចណាស់មានមនុស្ស ១១១ នាក់នៅតែបាត់ខ្លួន និង ១៦០នាក់ទៀតរងរបួស៕SP