ស្វែងយល់ពីប្រវត្តិថ្ងៃជ័យជម្នះ៧មករា
ទឹកដីកម្ពុជាដែលត្រូវបានទទួលស្គាល់ថា ជាកោះសន្តិភាពក្នុងទសវត្សរ៍ឆ្នាំ១៩៦០ បានចាប់ផ្តើមធ្លាក់ទៅក្នុងភ្លើងសង្គ្រាមពេញទំហឹងបន្ទាប់ពីពួក លន់ នល់ បានធ្វើរដ្ឋប្រហារផ្តួលរំលំរបបសង្គមរាស្ត្រនិយមដែលដឹកនាំដោយ ព្រះកុរណា សម្តេចព្រះនរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ តាមខ្សែញាក់របស់បរទេស។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ របបសាធារណរដ្ឋខ្មែរ លន់ នល់ ត្រូវបានផ្តួលរំលំ ពេលនោះប្រជាជនកម្ពុជាសង្ឃឹមថា នឹងបានរស់នៅក្នុងសុខសន្តិភាព ហើយចាប់ផ្តើមស្តារ និងកសាងទឹកដីរបស់ខ្លួនឡើងវិញ ប៉ុន្តែពួក ប៉ុល ពត បានឆក់ប្លន់យកទាំងស្រុងនូវសមិទ្ធផលជ័យជម្នះនេះ បង្កើតឡើងរបបកម្ពុជាប្រជាធិបតេយ្យ ដែលបានអនុវត្តនយោបាយប្រល័យពូជសាសសន៍ ដ៏យង់ឃ្នងបំផុត ដែលពុំធ្លាប់មាន ក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ ធ្វើឱ្យទឹកដីកម្ពុជាទាំងមូល ក្លាយជាគុកឥតជញ្ជាំង និងជាវាលពិឃាតជោកជាំដោយឈាម និងទឹកភ្នែករបស់ប្រជាជនកម្ពុជា។
ប្រជាជនត្រូវពួកឃាតករប្លន់យកអស់នូវសិទ្ធិសេរីភាព ក្លាយជាទាសកររស់ដូចសត្វធាតុ ក្នុងភាពភ័យរន្ធត់ រកទីបំផុតគ្មាន។ សង្គមកម្ពុជាត្រូវក្រឡាប់ចាក់ រចនាសម្ព័ន្ធសង្គមជាតិទាំងមូល ត្រូវបំផ្លាញដល់ឬសគល់ ប្រជាជនប្រមាណជាង២លាននាក់ ត្រូវសម្លាប់យ៉ាងអាណោចអាធ័ម និងអយុត្តិធម៌បំផុត ឯអ្នកដែលនៅសេសសល់ក្នុងប្រទេស គឺរស់ក្នុងសភាពបារម្ភដល់អាយុជីវិតទាំងយប់ទាំងថ្ងៃ រស់នៅប្រចាំថ្ងៃហាក់ដូចត្រីក្នុងត្រក មិនដឹងពេលណាដល់វេនខ្លួនត្រូវពួកវាយកទៅសម្លាប់។ ពិតប្រាដកណាស់ បើគ្មានការជួយសង្គ្រោះឱ្យបានទាន់ពេលវេលាទេនោះ ប្រជាជនកម្ពុជា នឹងត្រុវពួកឃាតករបន្តកាប់សម្លាប់រកទីបញ្ចប់គ្មានឡើយ។
នៅក្នុងកាលៈទេសៈគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរបំផុតនេះ បណ្តាកម្លាំងអ្នកស្នេហាជាតិដ៏បរិសុទ្ធនៃគណបក្សប្រជាជនកម្ពុជា ដែលនៅសេសសល់ពិការកាប់សម្លាប់ បានផ្តាច់ខ្លួនចេញពីរបប ប៉ុល ពត ដើម្បីធ្វើការតស៊ូសង្គ្រោះជាតិពីរបបដ៏យង់ឃ្នងនេះ។ ក្នុងដំណើរឆ្ពោះទៅការសង្គ្រោះជាតិ ប្រវត្តិសាស្ត្របានកត់ត្រាទុកនូវព្រឹត្តិការណ៍សំខាន់ ដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅបំផុតចំពោះជាតិ។
នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ សម្តេច ហ៊ុន សែន បានចេញដំណើរភៀសខ្លួនទៅប្រទេសវៀតណាម ដើម្បីស្វែងរកការជួយឧបត្ថម្ភក្នុងការតស៊ូដំដៅះជាតិ, នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ កងកម្លាំងប្រដាប់អាវុធសង្គ្រោះជាតិកម្ពុជា ដែលជាអង្គភាពទ័ពរៀបចំដំបូងត្រូវបានបង្កើតឡើង នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៧៨ កងទ័ព និងប្រជាជននៅភូមិភាគបូព៌ាបានក្រោកឈរប្រឆាំង និងរបប ប៉ុល ពត ក្រោមការដឹកនាំរបស់ សម្តេច ហេង សំរិន និង សម្តេច ជា ស៊ីម ព្រមទាំងចលនាតស៊ូប្រឆាំង ប៉ុល ពត ដែលមានរួចមកហើយនៅខេត្តកោះកុង នៅឦសានទិស និងចលនាផ្សេងៗទៀត។
ផ្តើមពីចលនាទាំងនេះ បានផ្តល់ឱកាសដល់ការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នាថ្ងៃទី ២ ធ្នូ ឆ្នាំ១៩៧៨ ដឹកនាំដោយ សម្តេច ហេង សំរិន សម្តេច ជា ស៊ីម សម្តេច ហ៊ុន សែន និងឥស្សរជនចំនួន១១រូបទៀត ដែលជាអង្គការចាត់តាំងនយោបាយតែមួយគត់របស់ប្រជាជនកម្ពុជា ដើម្បីដឹកនាំការតស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍។
រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍កម្ពុជា ដែលមានការគាំទ្រពីប្រជាជននៅទូទាំងប្រទេស ព្រមទាំងទទួលបានការជួយឧបត្ថម្ភដ៏ស្មោះសរ ទាន់ពេលវេលា និងមានប្រសិទ្ធភាពពីសំណាក់កងទ័ពស្ម័គ្រចិត្តវៀតណាម និងការគាំទ្រពីកម្លាំងស្នេហាសន្តិភាព និងយុត្តិធម៌នានានៅលើពិភពលោក បានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍សម្រេចបានមហាជ័យជម្នះដ៏ត្រចះត្រចង់ជាប្រវត្តិសាស្ត្រ នាថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។
នេះគឺជាបណ្តាដំណាក់កាលជាប្រវត្តិសាស្ត្រ ដែលប្រជាជាតិយើងបានហែលឆ្លងកាត់ប្រកបដោយទុក្ខវេទនា មហាសោកនាដកម្ម និងការបាត់បង់ ដែលពុំអាចនឹងពណ៌នាបាន។ បើគ្មានរដ្ឋប្រហារថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ គឺគ្មានសង្គ្រាមពីឆ្នាំ១៩៧០ – ១៩៧៥, បើគ្មានសង្គ្រាម៥ឆ្នាំនេះ គឺគ្មានរបបប្រល័យពូជសាសន៍ ប៉ុល ពត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ (១៧មេសា ១៩៧៥ – ៦មករា ឆ្នាំ១៩៧៩) ហើយបើគ្មានរបបប្រល័យពូជសាសន៍នោះ ក៏ពុំចាំបាច់មានជ័យជម្នះថ្ងៃ៧មករាដែរ។ ថ្ងៃជ័យជម្នះ៧មករា គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា មានជ័យជម្នះ ៧ មករា ទើបប្រជាជនកម្ពុជាមានអ្វីៗសព្វយ៉ាងនៅថ្ងៃនេះ។ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ ដែលគ្មានអ្នកណាអាចបំភ្លៃ និងបំផ្លាញបានឡើយ៕SP