លោក ហេង រតនា អគ្គនាយកស៊ីម៉ាក បានអះអាងថា ពេលនេះ ក្រសួងសុខាភិបាលនិងអង្គភាពស៊ីម៉ាក់បានរៀបចំកម្មវិធីសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍សុនខជាជំនួយហិតរកអ្នកផ្ទុកវីរុសកូរ៉ូណា (កូវីដ១៩) ដោយមានក្រុមអ្នកវិទ្យាសាស្ត្រវេជ្ជសាស្ត្រនិងក្រុមអ្នកជំនាញសុនខ សិក្សារួមគ្នា។

លោក ហេង រតនា បានបញ្ជាក់ថា ផ្អែកតាមបទពិសោធន៍ជាង២២ឆ្នាំ ក្រុមអ្នកបច្ចេកទេសសុនខនៃអង្គភាពស៊ីម៉ាក់ មានទំនុកចិត្តអាចហ្វឺកហ្វឹនសុនខនៅកម្ពុជា ក្នុងការហិតរកអ្នកផ្ទុកវីរុសកូរ៉ូណាបាន។ អង្គភាពស៊ីម៉ាក់ ត្រៀមសុនខ ត្រៀមឯកសារហ្វឹកហ្វឺន រៀបចំទីតាំងហ្វឹកហ្វឺន និងអ្នកឯកទេសសំរាប់បំរើការងារសិក្សាស្រាវជ្រាវនេះ ដោយត្រៀមធ្វើការសហការជាមួយអ្នកវិទ្យាសាស្ត្រវេជ្ជសាស្ត្រនៃក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា មានប្រទេសមួយចំនួនដូចជា អាល្លឺម៉ង់ ហ្វាឡង់ អូស្ត្រាលី រុស្សីបាននិងកំពុងប្រើប្រាស់សុនខជាជំនួយហិតរកអ្នកផ្ទុកវីរុសកូរ៉ូណា ផងដែរ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៨១៧នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ១០៣៣នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន ៧៧៧នាក់, ស្លាប់ចំនួន៥នាក់ និង២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ