រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសផ្ដល់ ប្រាក់ឈ្នួលកម្លាំងពលកម្ម កម្មករប្រមូលសំរាមថ្មី នឹងទទួលបាន ៤ម៉ឺនរៀល ក្នុង១ថ្ងៃ
ភ្នំពេញ៖ ក្រោយពី កម្មករប្រមូលសំរាម ក្រុមហ៊ុនស៊ីនទ្រី បន្តធ្វើកូដកម្ម ទាមទារប្រាក់អតីតភាព ដែលផ្ទុយពីច្បាប់ការងារ និងនាំគ្នា មិនចេញប្រមូលសំរាម ក្នុងរាជធានីភ្នំពេញ បានធ្វើឲ្យសំរាមជាច្រើន កកស្ទះគរជាពំនូក ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏ប្រកាសចេញវិធានការ ដោយជ្រើសរើស កម្មករថ្មីជាច្រើននាក់។ តាមការបញ្ជាក់របស់ លោកឃួង ស្រេង អភិបាល រាជធានីភ្នំពេញបានឲ្យដឹងថា ប្រាក់ឈ្នួល កម្មករថ្មី នឹងទទួលបាន បួនម៉ឺនរៀល ក្នុងមួយថ្ងៃ ។
ការបញ្ជាក់ របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបែបនេះនៅ ចំពោះមុខអ្នកសារព័ត៌មាន ដែលត្រូវបានគេសាកសួរ ក្នុងពិធី សម្ពោធដាក់ឲ្យប្រើប្រាស់ អគារទីចាត់ការថ្មី របស់សាលាបឋមសិក្សា សន្ធរមុខ នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០នេះ បានឲ្យដឹងថា កិច្ចការងារដេញថ្លៃ ជ្រើសរើសក្រុមហ៊ុន៣ ក្នុងចំណោម៦ ដែលជាប់ហើយនោះ នឹងត្រូវធ្វើការប្រមូលសំរាម តាមបំបន់ដែលបែងចែក ជា៣សម្រាប់ទីក្រុងភ្នំពេញ ប៉ុន្តែត្រូវបានរាំងស្ទះ ដោយសារកម្មករ ក្រុមហ៊ុនស៊ីនទ្រី មានការយល់ច្រឡំ ដោយគិតថា នឹងត្រូវបាត់បង់ការងារ ក៏លើកគ្នាធ្វើកូដកម្ម មិនចេញប្រមូលសំរាម ដែលជាហេតុ ធ្វើអោយសំរាម នៅក្នុងរាជធានីភ្នំពេញ ត្រូវបានរាំងស្ទះ គរជាពំនូកស្ទើគ្រប់ទីកន្លែង ។
ចំពោះបញ្ហានេះ ត្រូវបានលោក ឃួង ស្រេង បញ្ជាក់បន្ថែមថា រដ្ឋបាលរាជធានីភ្នំពេញ បានខិតខំចរចា និងដោះស្រាយ ជាមួយ កម្មករ កម្មការិនី ក្រុមហ៊ុនស៊ីនទ្រី ប៉ុន្តែគ្មានលទ្ធផលឡើយ ដោយសារតែ កម្មករ កម្មការិនីទាំងនោះ នៅតែទាមទារ ប្រាក់អតីតភាពទាំងអស់ ដែលផ្ទុយពីច្បាប់ការងារ របស់ក្រសួងការងារ ជាហេតុរដ្ឋបាលរាជធានីភ្នំពេញ ត្រូវធ្វើការប្រកាសជ្រើសរើស កម្មករជាច្រើននាក់ បំពេញការងារប្រមូលសំរាមនេះ ជាមួយប្រាក់ឈ្នួល ៤ម៉ឺនរៀលក្នុងមួយថ្ងៃ ។
លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បន្ថែមថា “កិច្ចការងារនេះ យើងចរចារគ្នាមិនត្រូវ រហូតដល់ម្សិលមិញនេះ យើងក៏ដាក់វិធានការ ប្រកាសរើស កម្មករ តាមបណ្តាលខណ្ឌ ហើយប្រកាសនេះ នឹងផ្តល់ប្រាក់ឧបត្ថម្ភ ជូនពួកគាត់ ក្នុង១ថ្ងៃ ៤ម៉ឺនរៀលលុយខ្មែរ” ។
ឆ្លៀតក្នុងឱកាសនេះដែរ លោក ឃួង ស្រេង ក៏បានសុំការយោគយល់ ពីសំណាក់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញទាំងអស់ ទៅលើបញ្ហាខាងលើនេះ និងបានអំពាវនាវ ឲ្យប្រជាពលរដ្ឋ មេត្តាជួយ ទុកដាក់សំរាម អោយបានត្រឹមត្រូវ និងមានសណ្តាប់ធ្លាប់ ជាពិសេសចូលរួម សហការបង់ថវិកា ដើម្បីទ្រទ្រង់ដល់ប្រាក់ឧបត្ថម្ភ របស់ប្រត្តិបត្តិករប្រមូលសំរាម ។
លោក អភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា “ខ្ញុំសង្កេតឃើញថា សង្កាត់ទឹកល្អក់មួយ និងទឹកល្អក់ពីរ ខណ្ឌទួលគោក មានការទុកដាក់សំរាមបានល្អ មានការវិចខ្ចប់ចងត្រឹមត្រូវ ក្នុងស្បោង ចឹងសំរាម ឃើញការកក់ស្ទះ នៅផ្លូវកម្ពុជាក្រោមតូចៗ ដែលខ្ញុំបានចូលមើលអម្បិលមិញ ប៉ុន្តែវាមានសណ្តាប់ធ្នាប់ មិនរាយប៉ាយ យើងនឹងងាយស្រួលក្នុងការប្រមូល ប្រសិនប្រមូលមិនទាន់ ក៏អាចទទួលយកបាន មិនដូចការយើងយកមកជះចោលលើថ្នល់ នៅលើទីតាំងណាមួយឡើយ ដែលធ្វើអោយបាត់បង់ សណ្តាប់ធ្នាប់ ទាំងអស់ ចឹងហើយសុំអោយបងប្អូនទាំងអស់ រួមគ្នាដើម្បីទីក្រុងស្អាត ទីក្រុងស្អាតមិនមែន នៅលើខ្ញុំម្នាក់ទេ នៅលើបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា”៕EB