ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៤ ខែសីហានេះ បានណែនាំស្តីពីការបិទស្លាកសញ្ញាចាំងពន្លឺលើយានជំនិះធុនធ្ងន់។ សេចក្តីណែនាំបានឲ្យដឹងថា ដើម្បីចូលរួមចំណែកក្នុងការបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកពាក់ព័ន្ធនឹងយានជំនិះធុនធ្ងន់ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ណែនាំពីការបិទស្លាកសញ្ញាចាំងពន្លឺលើរថយន្តដឹកទំនិញធុនធ្ងន់ យានយន្តុបករណ៍ រ៉ឺម៉ក សឺមីរ៉ឺម៉ក ដែលមានទម្ងន់សរុបអតិបរិមាលើសពី៣,៥តោន ដូចខាងក្រោម៖

១. ស្លាកសញ្ញាចាំពន្លឺបិទនៅលើយានជំនិះ ត្រូវមានពីរពណ៌ ក្រហម និងលឿង ដែលមានទទឹងមិនតិចជាង៥០មីលីម៉ែត្រ និងកម្រិតចាំងពន្លឺស្របតាមបទដ្ឋានបច្ចេកទេសVC10+។

២. ស្លាកសញ្ញាចាំងពន្លឺ ពណ៌លឿង ត្រូវបិទនៅផ្នែកសងខាងតាមបណ្តោយយានជំនិះ ដែលមានប្រវែងមិនតិចជាង៨០% នៃប្រវែងបណ្តោយរបស់យានជំនិះ និងបិទនៅគែមខ្ពស់បំផុតតាមទម្រង់យាន ប៉ុន្តែមិនតិចជាង៤០០មីលីម៉ែត្រពីគែម និងមានប្រវែងមិនតិចជាង២៥០មីលីម៉ែត្រ។

៣. ស្លាកសញ្ញាចាំងពន្លឺ ពណ៌ក្រហម ត្រូវបិទនៅផ្នែកខាងក្រោយតាមទទឹងយានជំនិះ និងបិទនៅគែមខ្ពស់បំផុតតាមទម្រង់យាន ប៉ុន្តែមិនតិចជាង៤០០មីលីម៉ែត្រពីគែម។

៤. ករណីរថយន្តដឹកទំនិញធុនធ្ងន់ យានយន្តុបករណ៍ រ៉ឺម៉ក ឬសឺមីរ៉ឺម៉ក ដែលមានទម្ងន់សរុបអតិបរមាលើសពី៣,៥តោន មកទទួលសេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងមិនមានបិទស្លាកសញ្ញាចាំងពន្លឺ ឬបិទស្លាកសញ្ញាចាំងពន្លឺមិនស្របតាមបទដ្ឋានបច្ចេកទេសខាងលើ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់តាមខ្លឹមសារ ស្តីពីការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ និងណែនាំដល់ម្ចាស់យានជំនិះនោះ ឲ្យបិទស្លាកសញ្ញាចាំងពន្លឺបានត្រឹមត្រូវ ដូចមានក្នុងគំនូរអធិប្បាយណែនាំអំពីការបិទស្លាកសញ្ញាចាំងពន្លឺលើយានជំនិះធុនធ្ងន់ដែលភ្ជាប់ជាមួយ៕sp

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ