ចិនប្រកាសជាផ្លូវការ ក្រោយរកឃើញវីរុសកូរ៉ូណា លើស្លាបមាន់ ដែលនាំពីប្រទេសប្រេស៊ីល
នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ រដ្ឋាភិបាលទីក្រុង Shenzhen បានប្រកាសថា សំណាកស្លាបមាន់ក្លាស្សេដែលបាននាំមកពីប្រទេសប្រេស៊ីល ចូលទៅក្នុងទីក្រុង Shenzhen ភាគខាងត្បូងប្រទេសចិន ត្រូវបានធ្វើតេស្តវិជ្ជមានចំពោះវីរុសកូរ៉ូណា ។
ជុំវិញបញ្ហានេះដែរ អាជ្ញាធរសុខាភិបាលទីក្រុង Shenzhen បានតាមដាននិងធ្វើតេស្តមនុស្សគ្រប់រូបដែលប្រហែលជាមានទំនាក់ទំនងជាមួយផលិតផលអាហារ ហើយថែមទាំងបានធ្វើតេស្តផលិតផលអាហារដែលផ្ទុកនៅក្បែរបណ្តុំមេរោគនោះផងដែរ ។
ជាមួយគ្នានោះដែរ ប្រទេសចិន កាលពីថ្ងៃពុធសប្ដាហ៍នេះ បានរាយការណ៍ថា វីរុសកូរ៉ូណាត្រូវបានរកឃើញលើកញ្ចប់អាហារសមុទ្រក្លាស្សេដែលនាំចូលពីប្រទេសអេក្វាឌ័រ ហើយទីក្រុងជាច្រើនទៀត ក៏បានរាយការណ៍ពីករណីនៃអាហារសមុទ្រដែលកខ្វក់ចាប់តាំងពីខែមិថុនាំមកម្ល៉េះ ។
គួរបញ្ជាក់ថា បច្ចុប្បន្នប្រទេសចិន បាននឹងកំពុងត្រួតពិនិត្យរាល់កុងតឺន័រទាំងអស់ដែលផ្ទុកសាច់ និងគ្រឿងសមុទ្រ នាំចូលមកកំពង់ផែធំៗចាប់តាំងពីខែមិថុនា នៅពេលដែលការផ្ទុះឡើងថ្មីនូវជំងឺកូវីដ ១៩ នៅក្នុងរដ្ឋធានីប៉េកាំងត្រូវបានផ្សារភ្ជាប់ទៅនឹងផ្សារគ្រឿងសមុទ្រ Xinfadi៕SP