ការប្រកួតជើងឯកថ្នាក់ជាតិកីឡារាំឆ្នំានេះយកតាមទម្រង់ស៊ីហ្គេមដើម្បីសម្រួចគោលដៅឆ្ពោះទៅ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣
លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការ សហព័ន្ធកីឡារាំកម្ពុជាបញ្ជាក់ថា ការប្រកួតកីឡារំាជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ ដែលគ្រោងនឹងធ្វើឡើងនាថ្ងៃ៥-៦ខែធ្នូ ឆាប់ៗខាងមុខ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិកនឹងប្រើប្រាស់តាមរបៀបរបបការប្រកួតអន្តរជាតិ និងតាមទម្រង់ស៊ីហ្គេម ដើម្បីសម្រួចគោលដៅឆ្ពៅទៅរៀបចំជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
លោកស្រីអគ្គលេខាធិការបន្ថែមថា វិញ្ញាសាដែលគ្រោងនឹងដាក់ឲ្យប្រកួត នៅក្នុងព្រឹត្តិការណ៍ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២នេះនឹងធ្វើឲ្យស្របតាមទម្រង់ស៊ីហ្គេម កន្លងទៅ ដោយនឹងពង្រឹងលើផ្នែកបច្ចេកទេស លើការដាក់ពិន្ទុយ៉ាងតឹងរឹងហ្មត់ចង់ជាទីបំផុត ដើម្បីសម្របបច្ចេកទេសរបស់កីឡាករ កីឡារិនី និងមន្ត្រីបច្ចេកទេសឲ្យគុណភាពមួយ តាមស្តង់ដាអន្តរជាតិ ជាពិសេសគឺទម្រង់ស៊ីហ្គេម ពីព្រោះថា សហព័ន្ធកីឡារាំ ក៏ដូចជាសហព័ន្ធកីឡាជាតិនានារបស់ កម្ពុជាកំពុងខិតខំដុះពង្រឹងគុណភាពរបស់កីឡាករ កីឡាការិនី និងមន្ត្រីបច្ចេកទេស ក្នុងការសម្រួចគោលដៅឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ស្របតាមផែនការយុទ្ធសាស្ត្ររបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០៣ ។
លោកស្រី ហង់ ស៊ីមន សង្កត់ធ្ងន់ថា ការប្រកួតជើងឯកថ្នាក់ជាតិឆ្នំានេះកាន់តែពិសេស ក្នុងការស្វែងរកធនធានប្រកប ដោយគុណផលខ្ពស់ៗ ដើម្បីជ្រើសរើសបាននូវជ័យលាភីតាមប្រភេទវិញ្ញាសានីមួយៗ បន្តការហ្វឹកហាត់ត្រៀមទៅប្រកួតប្រជែងមេដាយ នៅក្នុងការប្រកួតកីឡា ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាចុងឆ្នំា២០២១ផងដែរ។
ការប្រកួតកីឡារំាជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០នេះមានវិញ្ញាសាដាក់ឲ្យប្រកួតមានចំនួន១៥វិញ្ញាសា ក្នុងនោះដូចជាវិញ្ញាសារាំគូ រាំឯកត្តជន។ ចំពោះលក្ខខណ្ឌនៃការជ្រើសរើសឲ្យចូលរួមប្រកួត គឺជាកីឡាករ កីឡាការិនីក្នុងសមាគម ក្លិបរាជធានី-ខេត្ត ដែលជាសមាជិករបស់សហព័ន្ធកីឡារាំកម្ពុជា ដែលមានអាយុចាប់ពី៨ឆ្នាំឡើង ព្រមទាំងមានកាយសម្បទាល្អផងដែរ៕ SP