កាលពីឆ្នាំ២០២០កន្លងទៅការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរអន្តរជាតិ បានធ្វើឱ្យកម្ពុជាបាត់ប្រាក់ចំណូលជាង៣ពាន់លានដុល្លារ
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានឲ្យដឹងថា កាលពីឆ្នាំ២០២០កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិតែ ១,៣១លាននាក់ប៉ុណ្ណោះ ដោយចំនួននេះមានការថយចុះប្រមាណ ៨០ ភាគរយ។ ចំណែកភ្ញៀវទេសចរផ្ទៃក្នុង កម្ពុជាទទួលប្រមាណ ៩លាននាក់ ថយចុះ ២០ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩ កន្លងទៅ។ បើតាមការបញ្ជាក់របស់ក្រសួងទេសចរណ៍ ការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរអន្តរជាតិកាលពីឆ្នាំមុននេះ បានធ្វើឲ្យឧស្សាហកម្មទេសចរណ៍កម្ពុជាបាត់បង់ចំណូលជាង ៣ពាន់លានដុល្លារអាមេរិក។ នេះបើតាមការឲ្យដឹងពីក្រសួងទេសចរណ៍ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ។
ជាមួយគ្នានេះ ក្រសួងក៏បានលើកឡើងបន្ថែមទៀតថា ពេលនេះក្រសួងកំពុងជំរុញការសិក្សាលទ្ធភាពទទួលភ្ញៀវទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩រួចហើយ ដែលមកពីទីផ្សារណាមានហានិភ័យទាបនៅក្នុងជំហ៊ានដំបូងរបស់ខ្លួន ដែលរំពឹងថានឹងចាប់ផ្តើមនៅក្នុងត្រីមាសទី៤ខាងមុខនេះ ដើម្បីសង្គ្រោះឧស្សាហកម្មទេសចរណ៍របស់កម្ពុជាឡើងវិញ ដែលកំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរពីការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលជាងមួយឆ្នាំមកនេះ។ ។
បើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ចំពោះផែនការបើកដំណើរការទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញនេះ ក្នុងជំហ៊ានដំបូងក្រសួងទេសចរណ៍ និងធ្វើការជាមួយក្រសួងសុខាភិបាល អំពីលក្ខខណ្ឌឲ្យប្រាកដថា តើនឹងតម្រូវឲ្យភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួចរាល់ហើយចូលមកប្រទេសកម្ពុជានោះ ត្រូវធ្វើចត្តាឡីស័កក្នុងកម្រិតណា ឬមិនចាំបាច់ធ្វើចត្តាឡីស័ក បន្ទាប់មកក្រសួងនឹងស្នើសុំគោលការណ៍អនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល ដើម្បីអនុវត្តកិច្ចការងារនេះ។
លោកបន្តថា ទន្ទឹមនឹងអ្វីដែលបានសិក្សាលើទីផ្សារនេះ ក្រសួងទេសចរណ៍ក៏នឹងធ្វើការជាមួយអាជ្ញាធរខេត្ត និងជាមួយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងផងដែរ ក្នុងការស្វែងរកការគាំទ្រ ក្នុងការជំរុញការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងអ្នកផ្តល់សេវាកម្មទេសចរណ៍នៅតាមគោលដៅនានា ដើម្បីធានាថា គោលដៅទេសចរណ៍របស់យើងមានសុវត្ថិភាពនិងទំនុកចិត្ត ដែលអាចទទួលយកភ្ញៀវទេសចរដែលបានទទួលវ៉ាក់សាំងនេះបានមុន។
លោក ថោង ខុន បានលើកឡើងទៀតថា«យើងនឹងពិនិត្យវាយតម្លៃអំពីគុណភាពសេវាកម្មទេសចរណ៍នៅគ្រប់គោលដៅទាំងអស់ ហើយយើងនឹងដាក់ចុះនូវស្តង់ដារសេវាកម្មទេសចរណ៍នៅក្នុងបរិបទកូវីដនេះឲ្យបានរហ័សដើម្បីបញ្ជាក់អំពីសុវត្ថិភាព និងគុណភាពរបស់គោលដៅទេសចរណ៍នីមួយៗ ជូនភ្ញៀវទេសចរអន្តរជាតិ។ យើងធ្វើកិច្ចការងារនេះបណ្តើរៗ ហើយយើងប្រឹងប្រែងទាំងអស់គ្នា ដើម្បីយើងគិតថា អាចនឹងទទួលទេសចរអន្តរជាតិ ពិសេសទេសចរដែលចាក់វ៉ាក់សាំងហើយនៅក្នុងត្រីមាសទី ៤ឆ្នាំ ២០២១នេះ»៕SP