កាលពីពេលថ្មីៗកន្លងទៅនេះ អង្គការ WCS សហការជាមួយរដ្ឋបាលជលផល បានលែងកូនកន្ធាយក្បាលកង្កែប (ឬល្មិច) ជាប្រភេទជិតផុតពូជបំផុតនៅលើពិភពលោក ចំនួន ១៤៨ក្បាល ដែលមានអាយុចន្លោះពី ១សប្តាហ៍ទៅ ៣សប្តាហ៍ ចូលក្នុងទីជម្រកធម្មជាតិរបស់វាវិញតាមដងទន្លេមេគង្គ ស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ។ នេះបើយោងតាមអង្គការ WCS។

បើតាមអង្គការ WCS នៅក្នុងរដូវពងកូនឆ្នាំ ២០២១ ដែលចាប់ផ្តើមពីខែវិច្ឆិកា ឆ្នាំ២០២០ ដល់ខែឧសភា ឆ្នាំ២០២១ គិតត្រឹមដើមខែមេសានេះ ក្រុមការពារសម្បុកនៅតាមសហគមន៍បានរកឃើញសម្បុកពងកន្ធាយក្បាលកង្កែបចំនួន ៥៨សម្បុក មានចំនួន ២ ០៥៨ ពង។ បើគិតត្រឹមសប្តាហ៍ទីមួយនៃខែមេសា ឆ្នាំ២០២១នេះ កូនកន្ធាយក្បាលកង្កែបចំនួន ៥៥៩កូន បានញាស់ចេញពីសម្បុកចំនួន ២៨សម្បុក ដោយជោគជ័យ។ ជាមួយគ្នានេះ កូនកន្ធាយក្បាលកង្កែបដែលនៅសល់មិនទាន់លែង ត្រូវបានក្រុមការពារសម្បុកយកទៅរក្សាទុកក្នុងបែឈើបណ្តែតទឹកជាបណ្តោះអាសន្នដើម្បីឱ្យវាមានសុខភាពល្អមុននឹងលែងចូលទៅក្នុងទីជម្រកធម្មជាតិរបស់វាវិញ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ