ព្រឹទ្ធសភា ៖ ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិត ក្នុងគ្រាអាសន្ន គ្មានគោលបំណងបិទសិទ្ធិពលរដ្ឋឡេីយ
ភ្នំពេញ ៖ លោក ម៉ម ប៊ុន នាង អ្នកនាំពាក្យព្រឹទ្ធសភា បានថ្លែងថា ច្បាប់ស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងគ្រាអាសន្ន គ្មានគោលបំណងបិទសិទ្ធិសេរីភាពប្រជាពលរដ្ឋទេ តែផ្ទុយទៅវិញច្បាប់នេះ បង្កើតឡើងគ្រាន់តែ ដើម្បីផ្តល់សិទ្ធិអំណាចដល់រាជរដ្ឋាភិបាលដឹកនាំប្រទេសជាតិ ពេលជួបគ្រោះអាសន្នណាមួយប៉ុណ្ណោះ។នេះបេីយោងតាម ក្រសួងព័ត៌មាន។
ក្រោយពីបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ លោក ម៉ម ប៊ុន នាង បានឲ្យដឹងថា ការព្រួយបារម្មណ៍របស់មតិមួយចំនួនដែលថា សេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន មានចរឹតរឹតត្បិតសិទ្ធិសេរីភាពប្រជាពលរដ្ឋនោះ គឺជាការព្រួយបារម្មណ៍ជ្រុលហួសហេតុ ហើយពួកគេមិនបានគិតពីសុវត្ថិភាព សុខភាពសាធារណៈ និងផលប្រយោជន៍ជាតិទេ។
លោក មានប្រសាសន៍ថា "ច្បាប់ស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងគ្រាអាសន្ន គ្មានគោលបំណងបិទសិទ្ធិសេរីភាពប្រជាពលរដ្ឋទេ តែផ្ទុយទៅវិញច្បាប់នេះ បង្កើតឡើងគ្រាន់តែ ដើម្បីផ្តល់សិទ្ធិអំណាចដល់រាជរដ្ឋាភិបាលដឹកនាំប្រទេសជាតិ ពេលជួបគ្រោះអាសន្ន តែប៉ុណ្ណោះ"។
លោកបន្ដថា ច្បាប់នេះ ត្រូវបានរាជរដ្ឋាភិបាលតាក់តែងឡើងផ្អែកតាមស្មារតីនៃមាត្រា២២ថ្មី នៃរដ្ឋធម្មនុញ្ញរបស់កម្ពុជា ដែលចែងថា នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្នក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ត្រីប្រធានរដ្ឋសភានិងប្រធានព្រឹទ្ធសភា។
បន្ថែមពីនេះទៀត អ្នកនាំពាក្យព្រឹទ្ធសភា បញ្ជាក់ថា ដើម្បីបើកផ្លូវឱ្យរាជដ្ឋាភិបាលមានឧបករណ៍គតិយុត្តគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេសជាតិពេលដាក់ក្នុងគ្រាអាសន្នណាមួយនោះ អង្គព្រឹទ្ធភានឹងបើកកិច្ចប្រជុំវិសាមញ្ញ នៅថ្ងៃទី១៧ ខែមេសាឆ្នាំ២០២០ស្អែកនេះ ដើម្បីពិភាក្សា នឹងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន មុននឹងបញ្ជូនទៅក្រុមប្រឹក្សាធម្មនុញពិនិត្យធម្មនុញភាព នឹងដាក់ថ្វាយដល់ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្ថលេខាដាក់ឱ្យប្រើប្រាស់នៅពេលឆាប់ៗនេះ និងទុកជាការប្រញាប់៕ដោយ E B