ករណីកុមារាត្រូវឆ្កែខាំ២០ថ្ងៃហើយទើបយកមកព្យបាលគ្រូពេទ្យថា មានរោគសញ្ញាជម្ងឺឆ្កែឆ្កួតកម្រឹតធ្ងន់ធ្ងរ
(ខេត្តបន្ទាយមានជ័យ)៖លោកវេជ្ជបណ្ឌិតឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ រួមជាមួយក្រុមការងារឆ្លើយតបបន្ទាន់នៃមន្ទីរ(RRT )និង ប្រធានមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី នៅថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០២០ បានចុះមកពិនិត្យស្ថានភាពជម្ងឺ និងសួរសុខទុក្ខ ក្មួយប្រុស ឈ្មោះ គួយ រក្ស រស់នៅជាមួយឳពុកម្តាយនៅភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ដែលត្រូវបានឆ្កែខាំរយៈពេល ប្រហែល២០ថ្ងៃកន្លងមកនោះ ហើយទើបបានបញ្ជូនមកពីផ្ទះ មកកាន់មន្ទីរពេទ្យខេត្តមិត្តភាព ជប៉ុន មង្គលបូរី។
គ្រូពេទ្យពិនិត្យនិងព្យាបាលបានអោយដឹងថា៖ គ្រូពេទ្យបានពិនិត្យឃើញមានរោគសញ្ញាជម្ងឺឆ្កែឆ្កួតកម្រឹតធ្ងន់ធ្ងរទៅហើយលើក្មួយប្រុស ។គ្រូពេទ្យបានបន្តថា ក្រុមគ្រួសារនោះ មានសមាជិកចំនួន៧នាក់ ដែលប៉ះពាល់ ជាមួយករណីជម្ងឺឆ្កែឆ្កួត តែមិនទាន់មានរោគសញ្ញាទេ ក៏ស្នើអោយនាំទៅពិនិត្យដែរ។
លោកប្រធានមន្ទីរបានបន្តថា ៖ ដោយបានការយកចិត្តទុកដាក់ និងអនុសាសន៍ ដឹកនាំសាស្រ្តចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងការសម្របសម្រួល ការងារ របស់លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមទាំងជួយសម្របសម្រួល របស់ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង មន្ទីរពេទ្យខេត្តមិត្តភាពសម្រេច បញ្ជូនក្មួយប្រុសរងគ្រោះទៅសម្រាកព្យាបាលបន្ត នៅមន្ទីរពេទ្យខេត្តបាត់ដំបង ។ហើយ អ្នកពាក់ពន្ធ័ ៦នាក់ផ្សេង ( សមាជិក ក្នុងគ្រួសារ) បញ្ជូនទៅចាក់វ៉ាក់សាំង ការពារជម្ងឺឆ្កែឆ្កួតនៅវិទ្យាស្ថានប៉ាស្ទ័រសាខាបាត់ដំបងផងដែរ ។
ទន្ទឹមនឹងនេះ មន្ទីរសុខាភិបាលខេត្តសូមធ្វើការអំពាវ ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានសត្វឆ្កែចិញ្ចឺមសូមមេត្តាយកចាក់វ៉ាក់សាំងសត្វ ។ហើយចងខ្សែចិញ្ចឹមឲ្យបានត្រឹមត្រូវ ។ ប៉ុន្តែករណីត្រូវបានឆ្កែ ឆ្មាខាំ ត្រូវមកទទួលការពិគ្រោះ ឬចាក់វ៉ាក់សាំងឲ្យបានទាន់ពេលវេលា តាមការណែនាំ របស់គ្រូពេទ្យ៕