ភ្នំពេញ៖ បើតាមប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី បានបញ្ជាក់ឲ្យដឹងនៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ថា ស្ត្រីជនជាតិខ្មែរម្នាក់ ដែលបានសរសេរសារបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា នាងត្រូវបានមេខ្យល់ឆបោក ឲ្យទៅរៀបការជាមួយប្ដីជនជាតិចិន ហើយត្រូវបានគេបង្ខាំង បិទសេរីភាពក្នុងការរស់នៅ និងបានទទូចស្នើសុំឲ្យអាជ្ញាធរកម្ពុជាជួយអន្តរាគមន៍ នាំមកប្រទេសកម្ពុជានោះ ត្រូវបានត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយ ប៉ុន្តែរូបនាងកំពុងតែអនុវត្តវិធានចត្តាឡីស័ក រយៈពេល១៤ថ្ងៃ នៅមណ្ឌល់ចត្តាឡីស័ករាជធានីភ្នំពេញុ ។

អាជ្ញាធកម្ពុជា សហការជាមួយស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរចិន បានធ្វើអន្តរាគមន៍ជួយសង្គ្រោះ ស្រ្តីខ្មែរម្នាក់ ដែលបានរៀបការប្តីជនជាតិចិន ហើយត្រូវបានគេបង្ខាំងបិទសិទ្ធិសេរីភាពក្នុងការរស់នៅ ឯប្រទេសចិននោះ ត្រូវបានត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ ។

គួររម្លឹកថា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានទទួលព័ត៌មានពីក្រុមការងារប្រតិកម្មរហ័សរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ពាក់ព័ន្ធនឹងការចុះផ្សាយលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់គណនីមួយ ដោយបានសរសេរខ្លឹមសារបង្ហោះក្នុងបណ្ដាញទំនាក់ទំនងសង្គមថា ពុំមានសេរីភាពក្នុងការរស់នៅ បន្ទាប់ពីចាញ់បោកមេខ្យល់រៀបការប្ដីជនជាតិចិន និងទទួចសំណូមពរឲ្យអាជ្ញាធរកម្ពុជាអន្តរាគមន៍ជួយសង្គ្រោះត្រឡប់មករស់នៅប្រទេសកម្ពុជាវិញ។ ក្នុងខ្លឹមសារសំណេរបញ្ជាក់ថា នារីរងគ្រោះមានឈ្មោះ ធួក សុភី អាយុ ២០ឆ្នាំ នៅភូមិឃ្សឹបក្រៅ ឃុំឃ្សឹបក្រៅ ស្រុកស្នួល ខេត្តក្រចេះ ។

អនុវត្តតាមផែនការងារជំនាញ ទើបនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ កម្លាំងជំនាញរបស់នាយកដ្ឋាន បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តក្រចេះ ធ្វើការស្រាវជ្រាវស្វែងរកឃើញសាច់ញាតិ និងសាកសួរព័ត៌មានលម្អិត ដើម្បីធ្វើការស្រាវជ្រាវ និងកំណត់អត្តសញ្ញាណមេខ្យល់ ព្រមទាំងបានស្របសម្រួល ឲ្យម្ដាយនារីរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅក្រសួងមហាផ្ទៃ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។ មួយផ្នែកទៀត នាយកដ្ឋានបានសហការជាមួយក្រុមលេខាធិការដ្ឋានមេគង្គឡានឆាង ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងរកតម្រុយ និងទីកន្លែងស្នាក់នៅរបស់ជនរងគ្រោះខាងលើ ដើម្បីមានមូលដ្ឋានពិតប្រាកដ ក្នុងការអនុវត្តនីតិវិធីអន្តរាគមន៍សង្គ្រោះ ។

ជាក់ស្តែងមន្ត្រីជំនាញរបស់នាយកដ្ឋាន នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ បានបញ្ជូនព័ត៌មានបន្ថែមទៀត រួមមានគណនីហ្វេសប៊ុក ដែលមានអាសយដ្ឋាន អត្តសញ្ញាណប័ណ្ណប្ដីជនជាតិចិន ឲ្យទៅក្រុមការងារលេខាធិការដ្ឋានមេគង្គឡានឆាង ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីមានមូលដ្ឋានក្នុងការស្រាវជ្រាវសង្គ្រោះ ទើបនៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្តរជាតិបានឆ្លើយតបថា បានរកឃើញនារីរងគ្រោះ នៅខេត្តហឺណាន នៃសាធារណរដ្ឋប្រជាមានិតចិន និងបានជួយសង្គ្រោះ ព្រមទាំងបានបញ្ជូនទៅកាន់ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងប៉េកាំង ដើម្បីអនុវត្តន៍នីតិវិធីបន្ត ។

លោកប្រធាននាយកដ្ឋាន សូមឲ្យក្រុមគ្រួសារនារីរងគ្រោះ មេត្តាយោគយល់អធ្យាស្រ័យ ចំពោះភាពយឺតយ៉ាវ នៃការធ្វើបត្យាប័នបញ្ជូននារីរងគ្រោះមកកម្ពុជាវិញ ហើយភាពយឺតយ៉ាវនេះ បណ្តាលមកពីអាជ្ញាធរកម្ពុជា ត្រូវពេលវេលាស្វែងរកអង្គការសម្ព័ន្ធចាប់ដៃ ដើម្បីជួយគាំទ្ររាប់រងលើការចំណាយផ្សេងៗ (ស្នាក់នៅ អាហាហូបចុក និងថ្លៃសំបុត្រយន្តហោះជាដើម) រួមជាមួយនឹងការអនុវត្តវិធានចត្តាឡីស័ក នៅប្រទេសទាំងពីរចិនផង ។ បន្ទាប់ពីបញ្ចប់ការអនុវត្តវិធានចត្តាឡីស័ក សមត្ថកិច្ចនឹងអញ្ជើញជនរងគ្រោះ មកសួរនាំស្វែងរកព័ត៌មានបន្ថែម ដើម្បីឈាងដល់អនុវត្តជំនាញធ្វើការស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យ ដែលជាមេខ្យល់ ចាត់ការតាមច្បាប់ ។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក៏បានបញ្ជាក់ដែរថា ក្នុងនាមថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្នុងនាមនាយកដ្ឋានជំនាញ សូមថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរបស់អាជ្ញាធរចិន និងស្ថាប័នពាក់ព័ន្ធ បានរួមចំណែកលើការងារនេះ ពិសេសសូមអរគុណចំពោះសាធារណជន អ្នកសារព័ត៌មាន បណ្ដាញទំនាក់ទំនងសង្គម ដែលតែងតែចូលរួមចំណែកក្នុងកិច្ចការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងក៏ដូចជាការចូលរួមចំណែកស្វែងរកយុត្តិធម៌សង្គមខ្មែរ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ