(កំពង់ធំ)៖  ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏ព្រឺព្រួចនេះ បានកើតឡើងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចរង្វង់មូល N.6 ភូមិពោធិ៍បាក់ក្រង សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ករណីគ្រោះថ្នាក់ចរាចរណ៍មួយដ៏រន្ធត់ ដោយលោកតាម្នាក់បើកបរម៉ូតូ ជ្រុលទៅបុករនាំងដែក នៅរង្វង់មូលលោកតាក្រហមក ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ បណ្តាលឱ្យចៅស្រីអាយុ៧ឆ្នាំស្លាប់ ក្រោយបញ្ជូនមកកាន់មន្ទីរពេទ្យ ខណៈលោកតា និងលោកយាយរបួសធ្ងន់ ត្រូវបញ្ជូនសង្គ្រោះបន្ទាន់នៅភ្នំពេញ។

របាយការណ៍ដដែល បានបន្តថា ម៉ូតូរងគ្រោះម៉ាក C. 125 ស៊េរី ឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1GM-9698 បើកបរដោយឈ្មោះ ឆេង អោ ភេទប្រុស អាយុ៧៤ឆ្នាំ រស់នៅភូមិចុងដា ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ មានមុខរបរ នៅផ្ទះ របួសធ្ងន់ធ្វើចរាចរណ៍ពីលិចទៅកើត។ អ្នករួមដំណើរមានឈ្មោះ ងួន ប៉ុម ភេទស្រី អាយុ៦៣ឆ្នាំ នៅភូមិចុងដា ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពងធំ មុខរបរនៅផ្ទះ របួសធ្ងន់ បាក់ជើងឆ្វេង និងកុមារីម្នាក់មានឈ្មោះ រឿង សៀងលី ភេទស្រី អាយុ០៧ឆ្នាំ រស់នៅភូមិទឹកសិណ ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង មុខរបរសិស្ស។

កុមារីអាយុ៧ឆ្នាំ បានស្លាប់ក្រោយបញ្ជូនមកដល់មន្ទីរពេទ្យ ខណៈតា និងយាយ ត្រូវបានបញ្ជូនព្យាបាលបន្តនៅមន្ទីរពេទ្យ រាជធានីភ្នំពេញ។ បើតាមរបាយការណ៍បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីអ្នកបើកបរ ខ្វះការប្រុងប្រយ័ត្ន (បង្កដោយខ្លួនឯង) ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ