(ភ្នំពេញ)៖ យោងតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ  សូមបំភ្លឺឆ្លើយតបនឹងការចុះផ្សាយរបស់គេហទំព័រ  Pheng Vannak News តាមមាតិកាព័ត៌មានថា ៖ "  មកដល់ផ្ទះទាំងព្រឹក គាត់សុំអោយជួយផ្សាយ ករណីមន្រ្តីនគរបាលឈ្មោះ អេង សំអាត រំលោភកូនស្រីគាត់អាយុ៧ឆ្នាំ នៅស្ទឹងមានជ័យ តែជនល្មើសដើរលេងសេរី  ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបកស្រាយបំភ្លឺជូនសាធារណជន អ្នកសារព័ត៌មាន និងបណ្ដាញទំនាក់ទំនងសង្គមជ្រាបដូចតទៅ÷
១.ចំពោះករណីនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបញ្ជាក់ថា មិនមែនជាករណីរំលោភនោះទេ គឺជាករណីប្រទូស្តកេរ្តិ៍ភេទ ដោយយោងតាមខ្លឹមសារដីការបស់សាលាដំបូងរាជធានីភ្នំពេញ។
២.ចំពោះជនសង្ស័យឈ្មោះ អេង សំអាត ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាបុគ្គលិកក្រុមហ៊ុនស្រាបៀរលីអូ មានទីលំនៅផ្ទះជួល លេខ១១A ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ  មិនមែនជាមន្ត្រីនគរបាលនៃអធិការដ្ឋានខណ្ឌមានជ័យនោះទេ នាយកដ្ឋានជំនាញកំពុងធ្វើការស្រាវជ្រាវបញ្ជាក់អំពីអត្តសញ្ញាណជននេះ។
៣.ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៥០៥ ជ ដចន ចុះថ្ងៃទី០៤ ខែ ឧសភា ឆ្នាំ ២០២០ ចេញដោយលោក សោ សុភា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានី ភ្នំពេញ ពីបទប្រទូស្តកេរខ្មាសមានស្ថានទម្ងន់ទោសទាក់ទងជនរងគ្រោះ  ប្រព្រឹត្តនៅចំណុចផ្ទះជួលលេខ១១A ភូមិ  ឬស្សី  សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញអំឡុង ខែមិនា ឆ្នាំ២០១៨ ។  
៤.បច្ចុប្បន្ន ជនសង្ស័យឈ្មោះ អេង សំអាត  បានកំពុងគេចខ្លួន  មិនបានរស់នៅក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យនោះដែរ។
៥.បច្ចុប្បន្ន  សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកំពុងចាត់តាំងអនុវត្តតាមដីកាបង្គាប់របស់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យខាងលើមកផ្តន្ទាទោសតាមច្បាប់ជាធរមាន។
អាស្រ័យហេតុនេះ សូមសាធារណជន អ្នកសារព័ត៌មាន និងបណ្ដាញទំនាក់ទំនងសង្គម ទទួលជ្រាបជាព័ត៌មាន និងសូមអំពាវនាវដល់មហាជន សូមកុំធ្វើការសន្និដ្ឋានវាយតម្លៃរឿងហេតុ ដោយពុំមានការស៊ើបបញ្ជាក់មូលដ្ឋានច្បាស់លាស់ ដើម្បីចៀសវាងការសន្និដ្ឋានវាយតម្លៃនោះ បង្កឲ្យសាធារណជនមានការយល់ច្រឡំ និងមានឥទ្ធិពលប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មន្ត្រី និងស្ថាប័នអនុវត្តច្បាប់។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ