ទាំងការលេងបាល់ទាត់ និងបរិយាកាសរស់នៅក្នុងប្រទេសកម្ពុជា គឺជាបទពិសោធដ៏ពិសេសដែលអតីតខ្សែបម្រើព្រះខ័នរាជស្វាយរៀង Charlie Machell ទទួលបានអំឡុងប្រកបអាជីពនាក្របខណ្ឌ Metfone Cambodian League នាឆ្នាំ២០១៩កន្លងទៅ។ 

កីឡាករជនជាតិអង់គ្លេសរៀបរាប់បែបនេះ “៖ខ្ញុំរីករាយដែលបានប្រទះនឹងផ្នែកអស្ចារ្យនៃពិភពលោក។ កម្ពុជាជាប្រទេសទីមួយនៅអាស៊ីដែលខ្ញុំបានឈានជើងទៅដល់។ ពិតជាអស្ចារ្យដែលបានទៅដល់ទីនោះ។ ខ្ញុំពេញចិត្តក្នុងការហ្វឹកហាត់ និងលេងជាមួយមិត្តរួមក្រុម ជាពិសេសការមិនចាញ់សោះពីការប្រកួត២៥លើកជាប់គ្នា។ ជាលទ្ធផលដ៏អស្ចារ្យដែលខ្ញុំមិនអាចបំភ្លេចបាន។ ខ្ញុំក៏សប្បាយចិត្តដែលបានស្គាល់រសជាតិម្ហូបខ្មែរ និងស្រូបពន្លឺព្រះអាទិត្យដែលបញ្ចេញរស្មីយ៉ាងចាំងចែង។”

ក្នុងរយៈពេលនៅកម្ពុជា អតីតសមាជិកថ្នាលយុវជន Newcastle United ក៏ជួបការលំបាកខ្លះដែរក្នុងការសម្របខ្លួននឹងវប្បធម៌ថ្មី និងការលេងបាល់ទាត់។ Machell ពន្យល់ “៖ពិតមែនហើយ មានការលំបាកខ្លះដែរដែលមានដូចជា ការលេងក្រៅដី និងការលេងលើទីលានមួយចំនួនដែលមានស្ថានភាពលំបាក។ ខ្ញុំព្យាយាមសម្របទៅនឹងវប្បធម៌ថ្មីពេលទើបទៅដល់ដំបូងៗ តែវាក៏រលូនយ៉ាងលឿនដែរ។ ជាមួយគ្នានេះ ការឃ្លាតឆ្ងាយពីក្រុមគ្រួសារក៏ជារឿងមិនងាយស្រួលដែរ តែធ្វើម៉េចទេ យើងត្រូវតែរៀនសម្រប។ មិនតែប៉ុណ្ណោះ ការលេងក្រោមសីតុណ្ហភាព៤០អង្សានៅម៉ោង៣រសៀលពិតជាតឹងតែងមែនទែន។”

ជាចុងក្រោយ កីឡាករវ័យ២៥ឆ្នាំរំពឹងថា បាល់ទាត់កម្ពុជានឹងអាចបង្ហាញសក្ដានុពលរបស់ខ្លូនក្នុងតំបន់អាស៊ីអាគ្នេយ៍។

Charlie បន្ថែម “៖ខ្ញុំគិតថា ប៉ុន្មានឆ្នាំទៅមុខទៀត កម្ពុជានឹងបង្ហាញដល់អាស៊ីគ្នេយ៍ថា បាល់ទាត់របស់ពួកគេល្អប៉ុនណា។ មានការវិនិយោគច្រើននាពេលបច្ចុប្បន្ន ដែលជារឿងដ៏អស្ចារ្យសម្រាប់ប្រទេសជាតិ។ បច្ចុប្បន្ននេះខ្ញុំរីករាយនៅសិង្ហបុរី តែនរណាទៅដឹងថា មានរឿងអ្វីកើតឡើងនាពេលអនាគត។ ដូចដែលលោក Conor Nestor និងលោក Colum Curtis កំពុងតែដឹកនាំនៅកម្ពុជាអ៊ីចឹង។ វាជាកន្លែងដ៏ល្អក្នុងការសម្រួច និងអភិវឌ្ឍខ្លូន។”

ក្រោយចាកចេញពីកម្ពុជាជាទីរូបគេរកបាន៦គ្រាប់ និងបញ្ជូន៦លើក រួមចំណែកជួយលើកពាន MCL 2019 ជាមួយព្រះខ័នរាជស្វាយរៀង Charlie Machell បានផ្លាស់ទៅក្លិប Hougang United នៃក្របខណ្ឌកំពូលសិង្ហបុរី នៅរដូវកាល២០២០នេះ៕

អត្ថបទ៖ CNCC

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ