នារសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយកខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញទទួលអំណោយសម្ភារការពារជំងឺកូវីដ១៩ ដែលឧបត្ថម្ភដោយក្រុមហ៊ុន Huawei តិចណូឡូជី (ខេមបូឌា) ខូអិលធីឌី ដែលដឹកនាំដោយលោក Charles Che អនុប្រធានក្រុមហ៊ុន។ សម្ភារដែលទទួលបានរួមមាន៖ ម៉ាស់ពេទ្យចំនួន៥០,០០០ម៉ាស់, ទឹកលាងដៃសំលាប់មេរោគចំនួន១,០០០ដប សម្រាប់ប្រគល់ជូនក្រសួងមហាផ្ទៃ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ១៩ និងដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពដល់មន្រ្តីរាជការសាធារណៈផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សន្តិបណ្ឌិត តាងនាមសម្តេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិន ជាពិសេសក្រុមហ៊ុន Huawei តិចណូឡូជី (ខេមបូឌា) ខូអិលធីឌី និងអ្នកវិនិយោគចិនដ៏ទៃទៀត ដែលមានទឹកចិត្តប្រកបដោយបេះដូងមនុស្សធម៌ តែងតែយកចិត្តទុកដាក់ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា លើការជួយដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ១៩ ដែលពិភពលោក និងប្រទេសកម្ពុជាកំពុងជួបបញ្ហានេះ។

លើសពីនេះទៀត ឯកឧត្តម សន្តិបណ្ឌិត បានមានប្រសាសន៍ថា ក្នុងកាលៈទេសៈ ដែលប្រទេសជាតិកំពុងប្រឈមខ្លាំងលើជំងឺរាតត្បាតជាសកល ឯកឧត្តម នឹងកត់ត្រាទុកនូវទឹកចិត្តប្រកបដោយសប្បុរសធម៌របស់ក្រុមហ៊ុន Huawei តិចណូឡូជី (ខេមបូឌា) ខូអិលធីឌី ប្រចាំប្រទេសកម្ពុជា ដែលបានជួយឧបត្ថម្ភជាសម្ភារជូនដល់ក្រសួងមហាផ្ទៃនាពេលនេះ។ ឯកឧត្តម សន្តិបណ្ឌិត ក៏បានចាត់ទុកថា ចិនគឺជាប្រទេសជាមិត្តមួយដ៏ល្អ ហើយចិនក៏ជាដៃគូវិនិយោគដ៏សំខាន់ផងដែរស្ទើគ្រប់វិស័យនៅកម្ពុជា ដែលបានជួយឲ្យកម្ពុជាមានការអភិវឌ្ឍ និងរីកចម្រើនយ៉ាងឆាប់រហ័យ៕ RR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ