ភ្នំពេញ ៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានសម្ដែងក្តីបារម្ភអំពីការធ្លាក់ចុះការបញ្ជាទិញ ពីបណ្តាប្រទេសលោកខាងលិច ដែលជាទីផ្សារនាំចេញសម្លៀកបំពាក់ចម្បងរបស់កម្ពុជា បន្ទាប់ពីសមាជិករបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានរាយការណ៍អំពីការធ្លាក់ចុះនិងការកែប្រែនៅក្នុងកិច្ចសន្យាបញ្ជាទិញ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់សមាគមរោងចក្រកាត់ដេរ នៅកម្ពុជា។

អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា លោក ខេន លូ បានលើកឡើងថា បរិយាកាសសកលដែលមិនស្ថិរភាព និងភាពទំនងកាន់តែខ្លាំងឡើង នៃការធ្លាក់ចុះសេដ្ឋកិច្ច នៅក្នុងបណ្តាប្រទេស លោកខាងលិច ដែលមានអ្នកបញ្ជាទិញសម្លៀកបំពាក់ធំៗបំផុតមួយចំនួន របស់កម្ពុជា បានបណ្តាលឲ្យមាន «ក្តីបារម្ភធ្ងន់ធ្ងរអំពីស្ថានភាពនាំចេញសម្រាប់ឆមាសទី២»។

លោក បន្ដថា សមាជិកមួយចំនួន ក្នុងចំណោម «សមាជិកជាច្រើន» ដែលបានរាយការណ៍អំពីការធ្លាក់ចុះ និងការកែប្រែនៅក្នុងការបញ្ជាទិញ បានស្នើសុំដំបូន្មានពីក្រុមការងារច្បាប់របស់សមាគម អំពីនីតិវិធីសម្រាប់ការព្យួរផលិតកម្មដោយផ្នែក។

លោក លូ បានបញ្ជាក់ថា សមាគមកំពុងធ្វើការ «សិក្សាវាស់ស្តង់ធំមួយក្នុងចំណោមសមាជិកទាំងអស់» ដើម្បីវាស់ស្តង់ស្ថានភាពឲ្យបានសុក្រឹតជុំវិញការបញ្ជាទិញ។ លោកបានចង្អុលបង្ហាញថា ឥឡូវនេះនិយោជក «កំពុងប្រឈមថ្លៃពលកម្មខ្ពស់» រួមជាមួយនឹងការបង់ភាគទានទៅរបបសន្តិសុខសង្គម ផ្នែកសោធនសម្រាប់កម្មករនិយោជិតវិស័យឯកជន ដែលគ្រោងអនុវត្តចាប់ពីថ្ងៃទី០១ ខែតុលា និងប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យដែលនឹងត្រូវកំណត់ ហើយចូលជាធរមាននៅថ្ងៃទី០១ ខែមករា ឆ្នាំក្រោយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ