លោក Gianni Infantino ប្រធាន FIFA គាំទ្រទង្វើប្រឆាំងការរើសអើងពូជសាសន៍របស់កីឡាករ Dortmund ពីររូប
អឺរ៉ុប ៖ លោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA បានថ្លែងថា កីឡាករអន្តរជាតិអង់គ្លេស Jadon Sancho ដែលបានប្រកបអាជីពនៅក្របខណ្ឌ Bundesliga ត្រូវបានអាជ្ញាកណ្ដាលផ្តល់កាតលឿងបន្ទាប់ពីបានបង្ហាញអាវយឺតរកយុត្តិធម៌សម្រាប់លោក George Floydដែលត្រូវបានប៉ូលិសស្បែកសអាមេរិក សង្កត់កដល់ស្លាប់នោះ ខណៈពេលអបអរគ្រាប់បាល់របស់គាត់សម្រាប់ក្រុម Borussia Dortmund ដោយបានយកឈ្នះក្រុម Paderborn កាលពីថ្ងៃអាទិត្យ។
ដោយឡែក Achraf Hakimi ក៏មិនខុសពី Sancho ដែរសុទ្ធតែបានបង្ហាញសារ ដែលបានសរសេរក្នុងអាវកាក់របស់ពួកគេថា «Justice for George Floyd» នៅពេលអបអរគ្រាប់បាល់ដែលរកបានក្នុងអំឡុងក្លិបប្រកួតទល់នឹង Paderborn ដោយលទ្ធផល៦ទល់១។
លោក Gianni Infantino បានបន្ថែមថា ដើម្បីចៀសវាងការសង្ស័យនៅក្នុងការប្រកួតរបស់ FIFA ការបង្ហាញអាកប្បកិរិយារបស់កីឡាករនាពេលថ្មីៗនេះ នៅក្នុងការប្រកួតក្របខណ្ឌ Bundesliga នឹងសមទទួលបានការសាទរ និងមិនមែនជាទណ្ឌកម្មទេ។ យើងត្រូវតែនិយាយថាទេ ចំពោះការរើសអើងជាតិសាសន៍ និងគ្រប់ទម្រង់នៃការរើសអើង។ យើងទាំងអស់គ្នាត្រូវតែនិយាយថាទេ ចំពោះអំពើហិង្សាគ្រប់រូបភាពនៃអំពើហិង្សា។នេះបើនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានដកស្រង់ចេញផ្សាយដោយវេបសាយ Livescore
គួរបញ្ជាក់ផងដែរថា FIFA ក៏បានជំរុញឲ្យសមាគមជាតិ និងអន្តរជាតិនានា ប្រកាន់យកវិធីសាស្រ្តរួមគ្នា ដើម្បីដោះស្រាយជាមួយនឹងការតវ៉ា និងបាតុកម្មនៅលើទីលាន ស្របពេលដែលអាមេរិក កំពុងមានភាពវឹកវរ ក្នុងការប្រឆាំងទៅនឹងការរើសអើពូជសាសន៍នោះ។RT