ម្ចាស់មន្ទីរពេទ្យម្នាក់នៅបង់ក្លាដេសត្រូវបានចាប់ខ្លួន បន្ទាប់ពីចេញលិខិតបញ្ជាក់ថាគ្មាន COVID-19 ទាំងដែលមិនទាន់ពិនិត្យ
ប៉ូលិសបង់ក្លាដែសបានចាប់ខ្លួនបុរសឈ្មោះ Mohammad Shahed ក្រោយរត់គេចខ្លួន៩ថ្ងៃមកហើយ។ រូបបុរសនេះត្រូវបានចោទថា ចេញលិខិតបញ្ជាក់លទ្ធផលអវិជ្ជមានជំងឺ COVID-19 នៅគ្លីនិកចំនួនពីរ ទាំងពេលខ្លះមិនបានធ្វើតេស្តអ្នកជំងឺផងនោះ។ ម្ចាស់មន្ទីរពេទ្យរូបនេះ មានវ័យ៤២ឆ្នាំ ត្រូវចាប់ខ្លួននៅក្បែច្រាំងទន្លេមួយកន្លែងនៅជាប់ព្រំដែនជាមួយឥណ្ឌា ខណៈប្រុងរត់គេចខ្លួន។
អ្នកនាំពាក្យអង្គភាពប្រតិកម្មរហ័សប៉ូលិសបង់ក្លាដែសប្រាប់ឱ្យដឹងថា គ្លីនិករបស់ Shaheed បានធ្វើតេស្តរក COVID-19 ចំនួន១០៥០០ ក្នុងនោះតេស្តចំនួន៤២០០ គឺត្រឹមត្រូវ ហើយ៦៣០០តេស្តទៀត មានលទ្ធផលទាំងមិនបានធ្វើតេស្តអ្វីទាំងអស់។ក្រៅពីការបន្លំលទ្ធផល Shaheed ក៏ត្រូវចោទថាយកថ្លៃពីការធ្វើតេស្តនៅគ្លីនិកមួយកន្លែងក្នុងរដ្ឋធានីដាក្កា ទាំងខ្លួនបានយល់ព្រមជាមួយរដ្ឋាភិបាលថា មិនយកកម្រៃអ្វីឡើយ។
អ្នកជំនាញព្រមានថា ករណីបន្លំលទ្ធផលបែបនេះ នឹងធ្វើឲ្យស្ថានការណ៍ COVID-19 នៅបង់ក្លាដែសកាន់តែយ៉ាប់យ៉ឺន បន្ថែមពីស្ថានភាពដែលកំពុងមិនល្អស្រាប់ក្នុងប្រទេសមា នប្រជាជន១៦៨លាននាក់មួយនេះ។ បង់ក្លាដែស បានរាយការណ៍ពីករណីឆ្លងចំនួន១៩៣០០០នាក់ និងស្លាប់២៤៥៧នាក់។ ប៉ុន្តែ គេសង្ស័យថា ករណីឆ្លងជាក់ស្ដែងមានច្រើនជាងនេះ បើការបន្លំលទ្ធផលមានច្រើនសន្ធឹកបែបនេះនោះ៕SP